រាជធានីភ្នំពេញ ៖ តារាភាពយន្តជើងចាស់លោកពៅ គីសាន់ ហៅនាយឆើត បានត្អូញត្អែរពីការខ្សត់ការងារសម្តែង ក្នុងពេលវ័យកាន់តែចាស់ ។
តួកាចលោកពៅ គីសាន់ កាលពីពេល ថ្មីៗកន្លងមកស្នើឲ្យផលិតករជួយជ្រោមជ្រែងលោកឲ្យបានចូលរួមសម្តែងផង ក្នុងពេលដែលលោកមិនអាចរកចំណូលអ្វីផ្សេងបានក្រៅពីការសម្តែងតែមួយមុខនោះ ។
លោកពៅ គីសាន់ ហៅនាយឆើត អះអាងថា អ្នកដឹកនាំរឿងមួយចំនួនយកតែតួ ក្មេងៗជំនាន់ក្រោយថត មើលរំលងតួចាស់ដែលមិនមានកម្លាំងទៅរកកាងារអ្វីផ្សេងធ្វើបាន ក្រៅពីអាជីពសិល្បៈ ។
លោកពៅ គីសាន់ បញ្ជាក់ថា «ប្រឡូកក្នុងវិស័យសិល្បៈជិតមួយជិវិតហើយ មិនទាន់មានអ្វីសល់អ្វីជាដុំកំភួនដូចគេឡើយ ដោយសារស្រលាញ់សិល្បៈ និងជីវភាព ទោះបីជាអ្នកដឹកនាំរឿងឱ្យដើរតួឆ្កួត ជាខ្ទើយគ្រប់បែបបទយ៉ាងណាក៏ខំប្រឹងដើម្បីបម្រើអារម្មណ៍ទស្សនិកជន ។ ដូច្នេះគ្មានអ្វីក្រៅពីសុំឱ្យបងប្អូនទស្សនិកជនទាំងអស់ឱ្យកម្លាំងចិត្ត និងគាំទ្រខ្ញុំបាទ និងអ្នកសិល្បៈដទៃផង ។
រយៈពេលជាច្រើនឆ្នាំមកហើយដែលរូបខ្ញុំបានប្រឡូកក្នុងវិស័យសិល្បៈ ហេតុនេះខ្ញុំគ្មានអ្វីក្រៅពីសុំឱ្យបងប្អូនទាំងអស់នៅបន្តគាំទ្ររូបខ្ញុំឱ្យមានឈ្មោះក្នុងសង្គម និងសង្គមសិល្បៈ សម្រាប់បម្រើអារម្មណ៍បងប្អូនទស្សនិកជនទាំងអស់គ្នា »។
ទស្សនិកជនធ្លាប់តែឃើញការសម្តែងជាច្រើនរបស់នាយឆើត ដោយក្នុងរឿងលោកតែងតែសម្តែងជាអ្នកមានជីវភាពធូរធារ ជើងកាង សាហាវឃោរឃៅ ចរិតច្រងេងច្រងាង មានកូនចៅឆ្វេងស្តាំ ។ ការសម្តែងរបស់លោកត្រូវទស្សនិកជនភាគច្រើនសរសើរថា លោកសម្តែងសម មើលទៅដូច ពិតៗ ។ មានទស្សនិកជនខ្លះទៀតលើកឡើងថា ការសម្តែងសម ដោយសារតែជីវិត និងអត្តចរិតខាងក្រៅរបស់លោក គឺមិនខុសពីការសម្តែងឡើយ ។ ផ្ទុយទៅវិញជីវិតពិតរបស់នាយឆើតលំបាកណាស់ ចំណូលពីអាជីពសិល្បៈមិនអាចផ្គត់ផ្គង់ជីវភាពបានឡើយ ហេតុដូច្នេះលោកត្រូវខំប្រឹងធ្វើការទ្វេដង ទាំងយប់ទាំងថ្ងៃ រកលុយមកចិញ្ចឹមកូន៤នាក់ ។
បច្ចុប្បន្នកូនប្រុសម្នាក់របស់នាយឆើតកំពុងតែប្រឡូកក្នុងវិស័យសិល្បៈសម្តែងផងដែរ គឺតារាសម្តែងលោកគីសាន់ រ៉ៃយ៉ា ៕