រាជធានីភ្នំពេញ ៖ អតីតតារាកាចឆ្នាសឆ្នើមសិចស៊ីអ្នកស្រី សាក់ ស៊ីស្បោង នឹងបង្ហាញមុខនៅកម្ពុជា នាថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០១៧ ។ នេះបើយោងតាមលោកយាង វណ្ឌី ប្រធានក្រុមព្រះសុរិយាដែលលោកបានចំណាយពេលជាច្រើនខែទាក់ទងអ្នកស្រី សាក់ ស៊ីស្បោង អតីតតារាភាពយន្តជំនាន់លោកគង់ សំអឿន ។
លោកយាង វណ្ឌី ឲ្យដឹងថា«ពួកយើងជាយុវជន បានរៀបចំកម្មវិធីនេះដើម្បីឲ្យបងប្អូនទាំងអស់បានទស្សនាភាពយន្តក្នុងទិដ្ឋភាពមួយដ៏អស្ចារ្យ ដែលមិនធ្លាប់មានសោះចាប់តាំងពីព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ក្រោមម្លប់នៃអង្គព្រះមហាក្សត្រ ។
លោកយាយលោកតាដែលនៅរស់រាន និងយុវជនជំនាន់ថ្មីអាចមកស្គាល់ទស្សនាជាមួយតារាសម្តែងដ៏ឆ្នើមបំផុតនៃយុគមាសនៃភាពយន្តខ្មែរ មានពីររសជាតិនៃការសម្តែង គឺតួសម្តែងទឹកភ្នែកលោកស្រីឌី សាវ៉េត និងតួសម្តែងកាចឆ្នាសឆ្នើម លោកស្រីសាក់ ស៊ីស្បោង លោកស្រីទាំងពីរនឹងបង្ហាញខ្លួនជូនសាធារណជន នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៣រសៀលដល់មោង៦ល្ងាច នាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន CJCC ស្ថិតក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ សម្រាប់សំបុត្រអាចរកទិញនៅទីតាំងខាងលើតម្លៃ១០ដុល្លារ ហើយសម្រាប់សិស្សនិស្សិត៥ដុល្លារ ដោយគ្រាន់តែបង្ហាញកាតសម្គាល់ខ្លួន » ។
លោកយាង វណ្ឌី រំពឹងថា នាឱកាសនោះមានមហាជនចូលរូមច្រើនតាមការគិតទុកដើម្បីបានសាកសួរសុខទុក្ខអ្នកស្រី សាក់ ស៊ីស្បោង ដែលបែកពីស្រុកខ្មែរជិត៤០ឆ្នាំមកហើយ។ ជំនួយការកម្មវិធីលោកវីរៈ ឱ្យដឹងថា «មិនមែនជាការងាយស្រួលប៉ុន្មាននោះទេដែលពួកយើងតាមបញ្ចុះបញ្ចូលតារាសម្តែងលោកស្រី សាក់ ស៊ីស្បោង បានរហូតគាត់សម្រេចចិត្តទទួលកម្មវិធីពួកយើង ។ យើងទាំងអស់គ្នាជាយុវជនជំនាន់ក្រោយបានរំលេចអ្វីជាច្រើនជូនដល់លោកស្រីបានឃើញជាតឹកតាងទើបចុងក្រោយបានការឯកភាព ហើយបងប្អូនគួរតែមកជួបផ្ទាល់តារាបាត់មុខជិត៤០ឆ្នាំនេះ »៕