កូន​ខ្មែរ​អ៊ិ​ស្លា​ម​ណា តា​ហ្សា កំណត់​តម្លៃ​ខ្លួន​ «2500​ដុល្លារ​»

0
616

រាជធានី​ភ្នំពេញ ៖ កញ្ញា​ណា តា​ហ្សា ដាក់​កំណត់​តម្លៃ​ខ្លួន​របស់​នាង​២៥០០​ដុល្លារ ។ ការ​កំណត់​តម្លៃ​ខ្លួន​បែប​នេះ​ខណៈ​ប្រជាប្រិយភាព​ក្នុង​អាជីព​សិល្បៈ​សម្តែង​របស់​នាង​កាន់តែ​លូតលាស់​ឡើង ។

កញ្ញា​ណា តា​ហ្សា ក្រោយ​ពេល​សម្តែង​ក្នុង​ខ្សែភាពយន្ត​រឿង​«​កំណត់ហេតុ​នាង​នាថ​»​កំពុង​​តែ​កាក់កប​ចំពោះ​អាជីព​របស់​ខ្លួន ។ ទេព​កោសល្យ​សម្តែង​នៅ​ក្នុង​ខ្សែភាពយន្ត​ជា​តួអង្គ​ខ្មោច​លើក​ទី​១​នោះ ធ្វើ​ឲ្យ​ស្រី​ស្អាត​ណា តា​ហ្សា លូត​ឡើង​ទាំង​កេរ្តិ៍ឈ្មោះ ទាំង​ការងារ​សម្តែង ព្រមទាំង​តួនាទី​ជា​អ្នក​ចាត់ចែង​ក្រុម​ដើរ​បង្ហាញ​ម៉ូ​ដ​នៅ​តាម​ក្រុមហ៊ុន​នានា ។ ចំពោះ​ការ​សម្តែង​ភាពយន្ត​នា​ពេល​នេះ​ណា តា​ហ្សា​បាន​ទទួល​ថត​ពីរ​បី​រឿង​ជា​បន្ត​ទៀត​បន្ទាប់​ពី​បញ្ចប់​ការ​សម្តែង​ឱ្យ​ផលិតកម្ម​ឥន្ទ្រា​និម្មិត ។

ណា តា​ហ្សា ឲ្យ​ដឹង​ថា ក្រោយ​ពេល​បញ្ចប់រឿង «​កំណត់ហេតុ​នាង​នាថ​» មក ផលិតកម្ម​មហាហង្ស​បាន​ទាក់ទង​ឲ្យ​នាង​សម្តែង​ជា​តួឯក​ក្នុង​ខ្សែភាពយន្ត​ពីរ​រឿង​ជាប់​គ្នា​ដែល​ជា​ប្រភេទ​រឿង​ដុំ​សម្រាប់​បញ្ចាំង​តាម​រោង ។ ដោយសារ​តែ​ទឹកចិត្ត​ស្រឡាញ់​ការងារ​សម្តែង នាង​ព្យាយាម​ពង្រឹងសមត្ថភាព​ខ្លួនឯង​ក្នុង​ន័យ​ឈោង​ចាប់​ឱ្យ​បានជា​តារា​លេចធ្លោ​ក្នុង​ដួងចិត្ត​មហាជន ។ «​អុ​ី​ចឹ​ង​ហើយ​បាន​សម្រេចចិត្ត​ថា​រាល់​ផលិតកម្ម​នានា​ដែល​មាន​បំណង​ទាក់ទង​ហៅ​នាង​ខ្ញុំ​សម្តែង​គឺ​នាង​ខ្ញុំ​ដាក់​តម្លៃ​ខ្លួន​សម្តែង​២៥០០​ដុល្លារ ។ ខ្ញុំ​មិន​ដឹង​​ថា ​ផលិតករ​មួយ​ចំនួន​មានការ​អាក់អន់ចិត្ត​បែប​ណា​នោះ​ទេ ហើយ​រំពឹង​ថា​ពិតជា​យល់​ដល់​នាង​ខ្ញុំ​វិញ ប្រសិនបើ​តួលេខ​កំណត់ ឆៅ​ៗ​ពេល​ចង់បាន​នាង​ខ្ញុំ​ទៅ​សម្តែង​បែប​នេះ ។ យ៉ាងណា​ក៏​អាច​ពិចារណា​ផង​ដែរ​ប្រសិនបើ​មានការ​និយាយ​គ្នា​មុន​ពេល​ដំណើរការ​ចាប់ផ្តើម​» ។

កញ្ញា​ណា តា​ហ្សា ជា​ប្រធាន​គ្រប់គ្រង ចាត់ចែង​ក្រុម​តារា​ដែល​បណ្តា​ក្រុមហ៊ុន​នានា​ត្រូវការ​តួ​ថ្មី​បង្ហាញ​ម៉ូ​ដ និង​សម្តែង ។

ចំពោះ​រឿង​ស្នេហា​ជាមួយ​កីឡាករ​បាល់ទាត់​ជា​ជនបរទេស​នោះ ណា តា​ហ្សា ឱ្យ​ដឹង​ថា នៅ​តែ​មាន​ភាព​ល្អូកល្អិន​ដូច​ដើម តែ​ពួក​នាង​មិន​ទាន់​មាន​គម្រោង​រៀប​ការ​ទេ ៕