រាជធានីភ្នំពេញ ៖ តារាចម្រៀងសុគន្ធ នីសា កំពុងតែមមាញឹកយកធៀបការអញ្ជើញអ្នកសិល្បៈ ក្នុងពេលដែលពិធីខិតចូលមកកាន់តែកៀក ។
ហ្វេសប៊ុករបស់អ្នកសិល្បៈមួយចំនួនបង្ហាញ សុគន្ធ នីសា យកធៀបការទៅអញ្ជើញដោយផ្ទាល់ដៃ ដែលតារាទាំងនោះភាគច្រើនជាអ្នកជិតស្និទ្ធបំផុតរបស់នាង ។
បើទោះបីដំណឹងចូលរោងការរបស់សុគន្ធ នីសា បែកធ្លាយទៅហើយក្តី ប៉ុន្តែតារាចម្រៀងរូបនេះមិនទាន់ប្រកាសជាសាធារណៈនៅឡើយពីកាលបរិច្ឆេទពិតប្រាកដនៃពិធីនោះ ។ នាងធ្លាប់ប្រកាសតាមទូរទស្សន៍កាលពីពេលកន្លងមកថា នាងនឹងចូលរោងការនៅដំណាច់ឆ្នាំ២០១៧ ជាមួយបុរសអ្នកជំនួញម្នាក់ បន្ទាប់ពីមានពាក្យចចាមអារ៉ាមជុំវិញការទាក់ទងជាមួយបុរសម្នាក់ជាឪពុករបស់កុមារីកូនក្រុមរបស់ខ្លួនក្នុងកម្មវិធី The voice Kid Cambodia ។
ប្រភពក្រៅផ្លូវការមួយបង្ហើបឲ្យដឹងថា មង្គលការរវាង សុគន្ធ នីសា និងបុរសអ្នកជំនួញមានទ្រព្យស្តុកស្តម្ភនោះអាចនៅអំឡុងចុងខែធ្នូ ឆ្នាំ២០១៧ ដោយសារអ្វីៗបានរៀបចំរួចរាល់អស់ហើយ ។
មង្គលការនោះនឹងធ្វើរៀបចំនៅសណ្ឋាគារលំដាប់ផ្កាយ៥ ក្នុងរាជធានីភ្នំពេញ ជាមួយនឹងការចំណាយរាប់ម៉ឺនដុល្លារ ។ ចំពោះភ្ញៀវចូលរួមភាគច្រើន គឺជាអ្នកសិល្បៈ និងអ្នកមានមុខមាត់ក្នុងសង្គម ព្រោះទាំង សុគន្ធ នីសា ទាំងអនាគតស្វាមីរបស់នាងជាអ្នកមានមុខមាត់ក្នុងសង្គមដូចគ្នា ។
ដំណឹងស្តីពីការចូលរោងការរបស់តារាចម្រៀង សុគន្ធ នីសា នាពេលនេះធ្វើឲ្យអ្នកគាំទ្ររបស់នាងសម្តែងការអបអរសាទរ ៕