រាជធានីភ្នំពេញ ៖ ក្នុងពេលស្រីស្អាតជាច្រើនបានចេញទៅប្រកួតសម្រស់នៅលើឆាកអន្តរជាតិ កញ្ញាហេង ចន្ថា អតីត Miss Grand Cambodia ២០១៦ បានបង្ហាញអារម្មណ៍អាក់អន់ចិត្ត ដែលនាងមិនបានចេញទៅប្រកួត តំណាងឲ្យកម្ពុជា ។
ការបង្ហាញពីអារម្មណ៍មិនសប្បាយចិត្តនេះ ស្របពេលកញ្ញាហេង ចន្ថា មើលឃើញបណ្តាកញ្ញាឯកស្រស់ស្អាតជាច្រើនដួងមានឱកាសចេញទៅប្រឡងប្រជែងយកមកុដបវរកញ្ញាជាបន្តបន្ទាប់គ្នា ។ នាងហាក់ស្រងាកចិត្តដែលប្រឡងជាប់ក្នុងស្រុក តែបែរជាគ្មានឱកាសទៅប្រឡងលើឆាកអន្តរជាតិដូចតំណាងស្រីស្អាតផ្សេងទៀត ។
កញ្ញាហេង ចន្ថា និយាយថា «នាងខ្ញុំមិនច្រណែននឹងបេក្ខនារីដទៃទៀតទេ ដែលចេញទៅប្រកួតសម្រស់នៅលើឆាកអន្តរជាតិ មានតែត្រេកអរដែលពួកគេមានឱកាស សមត្ថភាពជួយផ្សាយវប្បធម៌ខ្មែរដល់បរទេសបានស្គាល់ ។ នាងខ្ញុំគ្រាន់តែមានអារម្មណ៍តូចចិត្តខ្លួនឯង ហើយសួរខ្លួនឯងថា ហេតុអីបានជាយើងមិនមានវាសនាដូចគេ គេមើលមិនឃើញ បើបានទៅប្រឡងនាងខ្ញុំនឹងព្យាយាមពង្រឹងសមត្ថភាពទេពកោសល្យឲ្យកាន់តែល្អអស់ពីខ្លួន ។ ទោះបីជាយ៉ាងណាពេលវេលាបានរសាត់ឆ្ងាយទៅហើយ ដោយបច្ចុប្បន្ននាងខ្ញុំកំពុងតែមមាញឹកជាមួយសិល្បៈរាល់ថ្ងៃ » ។
នាពេលឆាប់ៗខាងមុខកញ្ញា ហេង ចន្ថា ត្រៀមបង្ហាញស្នាដៃសម្តែងក្នុងខ្សែភាពយន្តរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ដែលនឹងចាក់បញ្ចាំងនៅចុងឆ្នាំ គឺរឿង «បន្តោងឆ្នាំងដី» ក្នុងតំណែងជាតួឯក ។
កញ្ញាហេង ចន្ថា រំពឹងថា «ថ្ងៃណាមួយនាងខ្ញុំនឹងបានគ្រងឈុតសម្លៀកបំពាក់ខ្មែរយើងជាបន្តទៀតលើឆាកពិភពលោក ដើម្បីផ្សាយអ្វីដែលជាលក្ខណៈខ្មែរ ។ មានអ្នកគាំទ្រសម្រស់របស់នាងខ្ញុំជាច្រើនក៏បានសម្តែងការខកចិត្តដែលមិនអាចហោះទៅប្រកួតបវរកញ្ញាលើឆាកពិភពលោកដូចកញ្ញាឯកដទៃទៀត» ៕