រាជធានីភ្នំពេញ ៖ នាងលាភ តារាកំប្លែងបានសម្រាលកូនភ្លោះរបស់នាងជាមួយនាយក្រឹម ហើយកាលពីថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ ។
រូបភាពនៃការសម្រាលបានកូនភ្លោះរបស់នាងលាភ ជាមួយនាយក្រឹម ត្រូវគេបង្ហោះតាមហ្វេសប៊ុក ហើយការរិះគន់ជាច្រើនបានស្រោចទៅលើនាយក្រឹម ។
រូបភាពបានបង្ហាញពីនាយក្រឹមទៅផ្តល់កម្លាំងចិត្តនាងលាភ ដល់បន្ទប់សម្រាលកូន ជាមួយនឹងស្នាមញញឹមចំពោះវត្តមានកូនស្រីភ្លោះដែលជាតំណក់ឈាមរបស់ខ្លួន ។
ការមានកូនភ្លោះរវាងនាយក្រឹម និងនាងលាភនេះត្រូវមហាជនជាច្រើនរិះគន់គ្រប ដណ្តប់លើសំឡេងអបអរសាទរតិចតួច ។
អ្នកខ្លះលើកឡើងថា «ចាស់នៅខូចរឿងស្រីទៀត មិនគិតអនាគតប្រពន្ធកូនទេ គិតតែរឿងស្រីក្មេង ប្តីគេ ! លាក់បានលាក់ទៅ ថោកទាំងពីរឱ្យក្មេងកើតមកមានឈ្មោះកូនលួចលាក់ហើយនៅត្រេកអរ អត់អាសូរដល់ប្រពន្ធ និងកូនដើមអីបន្តិចទេ» ។
ពាក់ព័ន្ធរឿងនេះកោះសន្តិភាពមិនអាចសុំការបកស្រាយពីលោកអ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹមបានទេ ដោយសារទូរស័ព្ទរបស់នាយខលចូលហើយ តែមិនមានអ្នកលើក ។
ប៉ុន្មានខែមុននេះនាយក្រឹម ធ្លាប់ទទួលស្គាល់ស្នេហាក្រៅឆាកជាមួយកូនក្រុមកំប្លែងរបស់ខ្លួននាងគង់ ចាន់ស្រីណា ហៅនាងលាភ រហូតដល់មានកូនផងដែរ ។
ក្នុងអំឡុងពេលនាងលាភ ពពោះនោះ នាយក្រឹមបានឲ្យនាងសម្រាកតែនៅតែផ្ទះ ដើម្បីថែរក្សាសុខភាព ដោយមិនឱ្យនាងចូលរួមសម្តែងទេ ហើយនាយជាអ្នកទទួលរ៉ាប់រងទាំង ស្រុងលើបញ្ហាជីវភាព ។
រឿងរ៉ាវស្នេហារវាងនាយក្រឹម និងនាងលាភ បានបែកធ្លាយដល់ភរិយាដើមរបស់នាយ គឺអ្នកស្រីវ៉ង់ ឡុងមុន្នី ធ្វើឱ្យអ្នកស្រីកើតទុក្ខមិនសុខចិត្ត ហើយព្រមានប្តឹងនាងលាភ ខណៈឮថា នាងជំរុញឲ្យនាយក្រឹម លែងលះជាមួយភរិយាដើម ។នៅពេលដឹងថាភរិយាគ្រោងប្តឹងបែបនោះនាយក្រឹម អះអាងថា ធម្មតាប្តីមានស្រី ប្រពន្ធណាសប្បាយចិត្តទៅ ! រឿងនេះលោកដឹងហើយថា តាមផ្លូវច្បាប់គឺលោកខុស ព្រោះលោក និងប្រពន្ធដើមមិនបានលែងលះគ្នាទេ តែបើនាងប្តឹងលោកឡើងតុលាការ លោកក៏មិនដឹងថាម៉េចដែរ ។ តែសម្រាប់លោកគឺមិនដែលចង់បែកពីប្រពន្ធដើមឡើយ ហើយលោកនៅតែបំពេញតួនាទីជាប្តី និងជាឪពុក ដ៏ល្អដដែល ។
នាងលាភ បានក្លាយជាអ្នកកំប្លែងក្នុងក្រុមរបស់នាយក្រឹម តាមរយៈការជួយជ្រោមជ្រែងពីភរិយារបស់នាយក្រឹម ។ ដោយក្តីអាណិតអ្នកស្រីវ៉ង់ ឡុងមុន្នី បាននិយាយជាមួយនាយក្រឹមឱ្យជួយបណ្តុះបណ្តាលនាងលាភ និងផ្តល់ឱកាសឱ្យនាងបានសម្តែងជាមួយនាយ ។នៅពេលនាងលាភ ក្លាយជាសមាជិកក្នុងក្រុមកំប្លែងរបស់នាយក្រឹមហើយនោះ លេចឮពាក្យចចាមអារ៉ាមថា អ្នកទាំង២ជាគូស្នេហ៍លួចលាក់នឹងគ្នា ។ ភាពស្និទ្ធស្នាលរបស់អ្នកទាំង២ រឹតតែធ្វើឱ្យគេសង្ស័យខ្លាំងឡើង តែពួកគេបដិសេធជានិច្ច ។
នៅទីបំផុតនាងលាភ បានបង្ហាញថានាងពពោះកូនភ្លោះដោយមិនបញ្ជាក់ថាជាមួយបុរសណាទេ តែមហាជនបានដៅទៅលើនាយក្រឹម ។ ពីដំបូងនាយក្រឹមមិនបញ្ជាក់លើរឿងនេះទេ តែនៅពេលមានប្រតិកម្មពីភរិយាទើបនាយសារភាព ហើយអាថ៌កំបាំងកន្លងមករបើកឡើងបង្ហាញច្បាស់ត្រដែត ។ ខណៈនាយក្រឹម នៅជាមួយនាងលាភ និងកូនភ្លោះនេះ មិនទាន់មានប្រតិកម្មពីអ្នកស្រីជាភរិយាទេ ៕