រាជធានីភ្នំពេញ ៖ ចំណងស្នេហ៍រវាងតារាកំប្លែងវ័យក្មេងកញ្ញានីឡា និងគូដណ្តឹងជាកូនប្រុសថៅកែល្ខោនភី សុគន្ធី បង្ហាញកាន់តែច្បាស់ឡើងថាដល់ផ្លូវបំបែកហើយ បន្ទាប់ពីកន្លងមកស្ថិតក្នុងមន្ទិលបែក ឬមិនបែកនោះ ។
មិនមែនជារឿងថ្មីឡើយជុំវិញព័ត៌មាននៃការបាក់បែកចំណងស្នេហ៍រវាងវ៉ាន់ នីឡា និងគូដណ្តឹង ដោយកន្លងមកនាងត្រូវគេសង្ស័យថា សម្ព័ន្ធស្នេហារបស់នាងបានកាត់ផ្តាច់ជាយូរមកហើយ គ្រាន់តែចាស់ទុំទាំងសងខាងព្យាយាមលាក់បាំងប៉ុណ្ណោះ ។
នៅទីបំផុតនីឡា ចេញមុខអះអាងជាសាធារណៈពីការបែកបាក់ពីគូដណ្តឹងបន្ទាប់ពីបានភ្ជាប់ពាក្យជាឱឡារឹកនាពេលកន្លងមក ។ មន្ទិលនៃការបាក់បែកនេះត្រូវនីឡា លាតត្រដាងតាមរយៈវីដេអូឃ្លីបដោយនាងបានបង្ហោះកាលពីពេល ថ្មីៗកន្លងមក បន្ទាប់ពីមានព័ត៌មានលេចឮថា នាងកំពុងតែមានភាពល្អូកល្អិនជាមួយនឹងគូស្នេហ៍ថ្មី ។
តាមរយៈវីដេអូឃ្លីបនោះនីឡា ហាក់មិនបានសង្កត់ធ្ងន ់និងសារភាព ត្រង់ៗពីការបែកបាក់គូដណ្តឹងទេ ប៉ុន្តែនាងបាននិយាយដោយប្រយោលថា «មនុស្សធ្លាប់ស្រលាញ់គ្នា ពេលបែកគ្នាអ្នកណាក៏ពិបាកចិត្តដែរ តែគ្រាន់តែថាជីវិតគូយើងមិនអាចកំណត់បាន យើងស្រលាញ់គ្នា បើយើងអត់ទុកចិត្តគ្នា វាពិបាកនឹងបន្តទៅមុខ កុំឲ្យកាន់តែទៅមុខកាន់តែពិបាក» ។
នីឡាឱ្យដឹងថា កន្លងមកគូដណ្ដឹងនាង មិនសូវផ្ដល់ភាពកក់ក្ដៅ និងយកចិត្តទុកដាក់លើនាងប៉ុន្មានទេ ដែលរឿងរ៉ាវមួយនេះទំនងជាហេតុផលមួយដែលនាង និងគូដណ្តឹងឈានដល់ការចែកផ្លូវគ្នា ។
នីឡា បង្ហាញឲ្យអ្នកគាំទ្រឃើញថានាងហាក់មិនសូវមានអារម្មណ៍ពិបាកចិត្តប៉ុន្មានទេចំពោះរឿងនេះ ផ្ទុយទៅវិញនាងបញ្ចេញអាកប្បកិរិយាធម្មតា ប៉ុន្តែនាងសារភាពថាហាក់មានអារម្មណ៍ច្របូកច្របល់បន្តិចនាអំឡុងពេលនេះ។
ស្របពេលគ្នានោះដែរនីឡា បានបដិសេធចំពោះព័ត៌មានដែលលេចលឺថា នាងមានគូស្នេហ៍ថ្មី និងកំពុងតែស្និទ្ធស្នាលគ្នាខ្លាំង ។ នាងបញ្ជាក់ថានាង និងបុរសនោះមិនលើសពីមិត្តភក្តិទេ ។
ចំពោះហ្វេសប៊ុកគូដណ្តឹងរបស់នីឡា គឺលោករង្ស៊ី វិញបានបង្ហោះសារជាប្រយោលដែរថា «ធ្វើ អ្វីៗគ្រប់យ៉ាងមិនដែលត្អូញត្អែរថាលំបាក គឺដើម្បី…។ លទ្ធផលបានត្រឹមកកឈាម។ ហត់នឿយពេកហើយ ល្មមដល់ពេលត្រូវតបស្នងចំពោះខ្លួនឯងវិញម្តង ។ ខូចចិត្តបានអីមកវិញ» ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះឪពុករបស់នីឡា លោកសុវណ្ណរិទ្ធី មិនអាចសុំការបញ្ជាក់បានទេ ប៉ុន្តែកន្លងមកលោកធ្លាប់អះអាងថា ភាពរកាំរកូសរបស់កូនស្រីលោក និងគូដណ្តឹងគឺកើតឡើងដោយសារតែភាពប្រច័ណ្ឌប៉ុណ្ណោះ ។ លោកថាហាក់មិនសូវបានដឹងច្រើន ប៉ុន្តែលោកទទួលស្គាល់ពីភាពរកាំរកូសដែលបានកើតឡើងនាពេលកន្លងមក តែរឿងនេះអ្នកទាំងពីរជាម្ចាស់ខ្លួនអាចដោះស្រាយគ្នា ចំណែក ចាស់ៗមិនលូកលាន់ទេ ។
តារាកំប្លែងនាងវ៉ាន់ នីឡា បានភ្ជាប់ពាក្យជាមួយលោកផន រង្សី វ័យ២៤ឆ្នាំដែលជាកូនប្រុសថៅកែចាងហ្វាងផលិតកម្ម និងល្ខោនបាសាក់ភី សុគន្ធី កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ។ ក្រោយពីរៀបចំពិធីភ្ជាប់ពាក្យរួច ចាស់ៗទាំងសងខាងគ្រោងនឹងរៀបចំមង្គលការនៅរយៈពេល៣ឆ្នាំបន្ទាប់ ៕