រាជធានីភ្នំពេញ ៖ តារាបង្ហាញម៉ូត និងសម្តែងនាង ទឹម វត្តី បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមហាជន បន្ទាប់ពីនាងបានបង្ហាញស្នាមស្នៅយ៉ាងធំនៅពីក្រោយរបស់ខ្នង ដែលកន្លងមករឿងនេះមានមនុស្សតិចណាស់ដែលបានដឹង។
ស្នាមស្នៅពីកំណើតដ៏ធំត្រូវបានតារារូបនេះ ថតបង្ហាញជាសាធារណៈតាមបណ្តាញសង្គមហ្វេសប៊ុក ជាមួយនឹងការបង្ហាញនូវសារសោកសៅមួយ ខណៈពេលដែលរឿងមួយនេះបាននាំឲ្យនាងគ្មានឱកាសនឹងពាក់អាវវៀលបង្ហាញសាច់ ដូចជាបងស្រីរបស់នាង ទឹម រដ្ឋា នោះឡើយ។
ជាមួយនឹងរូបភាពមួយនេះ ទឹម វត្តី បញ្ជាក់ថា មនុស្សមិនតិចទេ តែងតែលើកទឹកចិត្តខ្ញុំចំពោះរឿងស្នាមដៅមួយនេះ។ គេប្រាប់ខ្ញុំថា ខ្ញុំពិតជាមានសំណាងណាស់ ខ្ញុំឡូយណាស់ ខ្ញុំប្លែកណាស់មានស្នាមមួយនេះដែលអ្នកទាំងអស់គ្នាមិនអាចដូចខ្ញុំ ព្រោះខ្លះគ្នាសំណាងអាក្រក់ណាស់ ព្រោះតែដៅនេះកើតចំលើមុខមួយចំហៀង ឯអ្នកខ្លះទៀតក៏ពេញផ្ទៃមុខតែម្ដងក៏មាន។ តែខ្ញុំក៏បាននិយាយតបទៅពួកគេវិញថា បើសិនជាអាចខ្ញុំសុំមិនមានវាចុះ តែខ្ញុំដឹងថា វាមិនអាច ហើយពេលខ្លះខ្ញុំសឹងតែភ្លេចទៅហើយថា នៅលើខ្នងរបស់ខ្ញុំមានវា ព្រោះតែពាក់អាវជិតៗរហូត ប៉ុន្តែទោះបីមានការលើកទឹកចិត្តពីពួកគាត់មកលើរូបខ្ញុំច្រើនប៉ុណ្ណាក៏ដោយ ក៏ខ្ញុំនៅតែមិនមានភាពក្លាហានបញ្ចេញវានៅខាងក្រៅជាសាធារណៈដែរ សរុបទៅគឺខ្ញុំនៅតែមិនអាចយកឈ្នះវាបាន ព្រោះតែស្នាមដៅមួយនេះជាចំណុចខ្សោយដ៏ធំបំផុតសម្រាប់ជីវិតខ្ញុំ តែនេះក៏ជាលើកទី១ហើយដែលខ្ញុំអាចបញ្ចេញវានៅលើហ្វ៊សប៊ុកបែបនេះ ហើយក៏ជាជំហានការយកឈ្នះវាលើកទី១របស់ខ្ញុំដែរ។ តើអ្នកទាំងអស់គ្នាដឹងទេថា ខ្ញុំគិតយូរប៉ុណ្ណាទើបហ៊ានសំរេចចិត្តថានឹងផុសរូបមួយនេះ គឺជិតមួយឆ្នាំឯណោះ ផុសហើយលុប ផុសហើយលុបរហូត តើអ្នកទាំងអស់គ្នាមានយោបលយ៉ាងម៉េចដែរ?
យ៉ាងណាក៏ដោយបន្ទាប់ពី ទឹម វត្តី បានបង្ហោះរូបភាពមួយនេះមក ក៏មានអ្នកសិល្បៈ និងមិត្តភក្តិរបស់នាងមួយចំនួនបាននាំគ្នាលើកទឹកចិត្តដល់រូបនាងកុំឲ្យមានការពិបាកចិត្ត ព្រោះវាជាធម្មជាតិ ហើយវាក៏ជាការនាំសំណាងដល់រូបនាងផងដែរ៕