រាជធានីភ្នំពេញ ៖ តារាកំប្លែងនាយ ចេក បានសម្តែងការហួសចិត្តនៅពេលមានទស្សនិកជនមួយចំនួនយល់ច្រឡំថា នាយកំពុងតែរស់នៅក្នុងភាពហ៊ឺហា ដោយសារមានផ្ទះធំនៅ និងមានឡានទំនើបជិះ ក្នុងពេលដែលនាយស្ទើរតែរកអ្វីហូបមិនគ្រប់ ។
នាយចេក កាលពីពេលថ្មីៗកន្លងមកបានចាត់ទុកការលើកឡើងពីបណ្តាទស្សនិកមួយចំនួនមកលើរូបនាយនាពេលនេះថា គឺដោយសារការភាន់ច្រឡំ បើទោះបីជាពេលនេះនាយមានផ្ទះរស់នៅសមរម្យក៏ដោយ ប៉ុន្តែមិនមែនផ្ទះធំទ្រនំខ្ពស់នោះទេ ។
តារាកំប្លែងនាយ ចេក បានលើកឡើងថា «មានបងប្អូនជាច្រើនចេះតែសួរ ដោយគេនិយាយថា ពូជាអ្នកមានឡានទំនើប មានផ្ទះក្បឿងធំ ចុះម៉េចក៏មកលក់ដូរតាមផ្លូវអ៊ីចឹង។ ហើយខ្លះក៏និយាថា បើគាត់មានមែនមិនលក់អ៊ីចឹងទេ ។ ខ្លះទៀតក៏ថា បើពូមិនមាន ក៏គេមិននិយាយដែរ ។ ខ្ញុំអគុណបងប្អូនដែលបានជួយទិញទឹកភេសជ្ជៈរាល់ថ្ងៃ សូមកុំយល់ច្រឡំតទៅទៀតអី ការណ៍ពិតការរស់នៅខ្ញុំសព្វថ្ងៃមានជីវភាពសមរម្យ និងមានផ្ទះ៥ម៉ែត្រ បណ្តោយ៧ម៉ែត្រ ប្រក់ស័ង្កសី ហើយក៏គ្មានឡានទំនើបអីដែរ មានតែដីសង់ផ្ទះប៉ុណ្ណោះ ។
សូមកុំយល់ច្រឡំតទៅទៀត ហើយបើចង់ដឹងពីស្ថានភាពពិតរបស់ខ្ញុំ អាចមកមើលបាន កុំឲ្យថា ខ្ញុំចេះតែថា អរគុណបងប្អូនដែលឲ្យពរថា ជាអ្នកមានៗ »។
ហើយតារាកំប្លែងលោក ឈុំ ប៊ុនឈឿន ហៅនាយចេក មានវ័យ៦៣ឆ្នាំ បានចាប់អាជីពកំប្លែងក្នុងក្រុមនាយកុយជាច្រើនឆ្នាំមកហើយ ក្នុងនោះក្រៅពីកំប្លែងតាមឆាកតន្ត្រី នាយចេកក៏ទទួលកាត់សក់ក្នុងពិធីមង្គលការ ដើម្បីបានកម្រៃខ្លះមកផ្គត់ផ្គង់គ្រួសារ ប៉ុន្តែរដូវវស្សាចូលដល់ធ្វើឲ្យចំណូលពីការកាត់សក់តាមរោងការត្រូវខ្សត់ខ្សោយ ដូច្នេះនាយចេក និងប្រពន្ធក៏សម្រេចចិត្តអូសរទេះ ដាក់លក់ភេសជ្ជៈបន្តិចបន្តួច គ្រាន់ដោះស្រាយ មួយគ្រាៗ នៅម្តុំផ្លូវជាតិលេខ២ ពីរង្វង់មូលកួរស្រូវ ប្រមាណ១០០ម៉ែត្រ ។
កន្លងមកការខ្វះខាត និងទុក្ខលំបាករបស់នាយចេក គេសង្កេតឃើញមានសិល្បករមួយចំនួនបានជួយជាប្រាក់ និងរបស់របរប្រើប្រាស់ ចំណែកកាកបាទក្រហមកម្ពុជា ក៏បានជួយឧបត្ថម្ភដល់តារាកំប្លែងនេះផងដែរ ។ ទោះជាយ៉ាងណាក្តី ជីវភាពរបស់នាយចេកនៅតែលំបាកដដែល គឺត្រូវខិតខំលក់ដូរនៅផ្ទះ ដើម្បីចិញ្ចឹមកូនៗចំនួន៨នាក់ ៕