ទេសភាពដ៏ស្រស់ត្រកាល របស់បក្សីពណ៌ផ្កាឈូកចេញមកស៊ីចំណី ប្រឡែងលេងជាមួយភ្ញៀវទេសចរ នៅដែនកោះអារូប៊ីកំពុងតែបង្កើតភាពល្បីល្បាញពាសពេញបណ្ដាញសង្គម ធ្វើអោយគ្រប់គ្នាស្រមៃបានទៅដល់ទីនោះ ផ្ដិតយករូបភាពដ៏ស្រស់ស្អាតទាំងនេះមកចែករំលែកក្នុងបណ្ដាញសង្គម។



កុកផ្កាឈូក (Flamingo) បាននាំគ្នាមករស់នៅដែនកោះអារូប៊ីមួយនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ដោយកាលពី ១៥ ឆ្នាំមុន កុកផ្កាឈូកមួយហ្វូងបានហោះទៅកាន់កោះឯកជន Renaissance ដោយរស់នៅលើឆ្នេរ និងចូលចិត្ដលេងជាមួយភ្ញៀវទេសចរណាស់។ បើទោះបីទីនេះជាជម្រកថ្មីក៏ពិតមែន តែទីនេះមិនមែនជាទ្រុងរបស់ពួកវានោះទេ ពួកវាក៏រស់នៅក្នុងបរិស្ថានធម្មជាតិឯតំបន់ព្រៃកោងកាងវិញផងដែរ ហើយពពួកសត្វបក្សីកុកសម្បុរផ្កាឈូកទាំងនេះដែលអ្នកបានឃើញទាំងនេះ ក៏មិនប្រាកដជាគោលដៅទេសចរណ៍សាធារណៈឡើយ ដូូច្នេះបើអ្នកចង់ឃើញពួកវាអ្នកត្រូវត្រៀមគម្រោងទុកជាមុន។



ទីកន្លែងដែលអ្នកចង់ឃើញបក្សីកម្រនេះដ៏ល្បីឈ្មោះគឺកោះ Renaissance Aruba Resort នៅទីនោះ ក្នុងករណីដែលភ្ញៀវមិនទាន់កក់សណ្ឋាគារ អ៊ីចឹងភ្ញៀវមកពីក្រៅអាចទិញសំបុត្រដែលអាចឲ្យពួកគេចូលទស្សនាកោះពេញមួយថ្ងៃ ក្នុងតម្លៃ 100ដុល្លារ ដោយរួមបញ្ចូលទាំងអាហារថ្ងៃត្រង់ និងភេសជ្ជៈលើកោះថែមទៀតផង។

