តា-ប៉ា សំណព្វចិត្តអ្នក ជាម៉ូយប្រចាំតៀមកាហ្វេណា? កាហ្វេ១កែវ អស់តែប៉ុន្មានប៉ាន់?

កាហ្វេ សុក ហុក

0
1421

អ្នកដែលធ្លាប់បានឆ្លងកាត់ ច្បាស់ណាស់ថានឹកពួកគាត់ជាក់ជាមិនខាន ពេលឃើញវីដេអូខាងក្រោមនេះ ពិសេសនោះគឺ នឹកដល់ តា-ប៉ា របស់អ្នកដែលពួកគាត់តែងតែ ព្រឹកប្រហាមស្រាងៗ មិនទាន់ ទាញកង់ ទាញម៉ូតូ តំរង់ទៅរកតៀមកាហ្វេ ដែលដូចជាប៉ុស្តិ៍ស្នាក់ការ ប្រចាំការរបស់ខ្លួន រៀងរាល់ព្រឹក ហើយស្រួលមិនស្រួលនឹង ស៊ីដាក់ម៉ាព្រឹកដល់ម៉ោងបាយថ្ងៃក៏មាន តែកុំសួរ ហៅអីគេញ៉ាំខ្លះ គ្មានអីទេ ក្រៅពីកាហ្វេ១ កែវ ហើយផឹកតែគេ ៣ប៉ាន់ ក៏មាន ដើម្បីបានឆីតឆាត ក្លែមពាក្យសំដី ជុំគ្នាបែកពពុះមាត់ មិនដឹងរឿងអីខ្លះគាត់ទេ។

នឹកទិដ្ឋភាពនឹងណាស់មែនទេ? បើនៅភ្នំពេញចង់ឃើញចឹងទៀត ទៅរកនៅណាមាន? មានតើ មិនទាន់សាបរលាបទៅណាទេ ដោយនៅតាមបណ្តោយផ្លូវ សុក ហុក មានតៀមកាហ្វេមួយឈ្មោះថា កាហ្វេសុក ហុក តែងមានម៉ូយពេញៗ តៀមរបស់ខ្លួនតាំងពីព្រឹកព្រលឹម ដែលម៉ូយទាំងអស់សុទ្ធសឹង តែជាលោកតា លោកពូ ចាស់ៗ មកអង្គុយញ៉ាំកាហ្វេក្តៅៗ ហុតតែហ៊ុយៗ ជជែកគ្នាលេង កំដរជីវិត រៀងរាល់ព្រឹក។

ដែលទិដ្ឋភាពទាំងនេះ អាចរំលឹកដល់អនុស្សាវរីយ៍កាលពីយើងនៅក្មេងៗ បាន ពិសេសនឹកឃើញដល់ពាក្យ ចាំប៉ា ម៉ាភ្លេត ដាក់កាហ្វេមួយកែវសិន មានណា ១ភ្លេតគាត់ យ៉ាងតិច៣ម៉ោង ក៏មានអង្គុយស្តាប់ពួកគាត់ជជែកគ្នា។ តែមានអី អារម្មណ៍បែបនោះ បើអ្នកចង់សាកម្តងទៀត អាចក្រោកពីព្រឹកម៉ោង ៥ជាងអី ជិះទៅសាកនៅ កាហ្វេ សុក ហុក បាន ហៅកាហ្វេទឹកដោះគោ ក្តៅ១កែវ មកអ្នកលក់គេនឹងថែមតែក្តៅ ១កែវអោយទៀត ហើយប៉ាន់តែនៅជិតដៃស្រាប់លៃលកតាមចង់ ហើយកុំហិតក្លិនកាហ្វេមុនកូរញ៉ាំ ហើយបើបានដាក់ចាខ្វៃ ១គូរទៀតអ៊ែមហ្មង។

ហាង កាហ្វេ សុក ហុក
ទីតាំង៖ លើផ្លូវសុកហុក កែងផ្លូវហ្សាដឺហ្គូល (ផ្លូវ ២១៧) ជាប់នឹងហាងមីគាវ សុក ហុក ហើយក៏ជិត អាហារដ្ឋានអូរឬស្សី ដែរ ចុចទីនេះ សម្រាប់ផែនទី។

វីដេអូ