ក្តាមជ្រក់ហឹរជាម្ហូបកំពុងពេញនិយមខ្លាំង មានលក់ស្ទើរគ្រប់ហាង។ តែបើចង់ញ៊ាំទាល់តែអស់លុយច្រើនតិច ចុះម៉េចមិនរៀនធ្វើញ៊ាំខ្លួនឯងវិញទៅ មិនពិបាកទេ ធ្វើខ្លួនឯងអ៊ីចឹងញ៊ាំបានច្រើនទៀត មិនសូវចុះលុយ។ សៅរ៍អាទិត្យទំនេរស្រាប់ សាករៀនធ្វើញ៉ាំមើល នេះរូបមន្តធ្វើ និងគ្រឿងផ្សំ៖


គ្រឿងផ្សំទី១៖
- ក្តាមថ្ម ឬក្តាមសេះ ១ គីឡូ (រើសយកក្តាមមានខួរច្រើន)
- ទឹកសូដា ១ ដប

គ្រឿងផ្សំទី២៖
- ទឹកត្រី ២ កូនចានចង្កឹះ
- ស្ករត្នោត ១ កូនចានចង្កឹះ
- ទឹកស្អាត ២៥០ មីលីលីត្រ
គ្រឿងផ្សំទី៣៖
- ម្ទេស ១០ ឬ ២០គ្រាប់
- ខ្ទឹមស ១០ កំពឹស
- ទឹកត្រី ២ ស្លាបព្រាបាយ
- ស្ករត្នោត ២ ស្លាបព្រាបាយ
- ក្រូចឆ្មារ ៣ ឬ ៤ គ្រាប់

វិធីធ្វើ៖
១. យកក្តាមលាងទឹក និងបកឲ្យបានស្អាត រួចចាក់ទឹកសូដាចូល ហើយដាក់ត្រាំចោលមួយឡែក
២. លាយគ្រឿងផ្សំទី២ ចូលគ្នាក្នុងឆ្នាំងមួយ រួចយកទៅកូរនៅលើចង្ក្រាន រហូតដល់ពុះ សឹមលើកចុះដាក់មួយឡែកសិន
៣. យកត្បាល់ដាក់គ្រឿងផ្សំទី៣ ចូលមាន ខ្ទឹមស ម្ទេស ស្ករត្នោត ទឹកត្រី និងក្រូចឆ្មារ រួចច្របល់ចូលគ្នា ហើយដួសដាក់ចាន
៤. ស្រង់ក្តាមចេញពីទឹកសូដា ដាក់ក្នុងប្រអប់មួយ រួចយកទឹកគ្រឿងផ្សំទី២ ស្រោចពីលើ ហើយគ្រប់គម្រប ទុកចោលក្នុងទូរទឹកកក ១ ទៅ ២ ម៉ោង
៥. ក្តាមអាចញ៉ាំបានហើយ ពេលញ៉ាំសឹមយកទឹកត្រីដែលបុករួចមកស្រោចពីលើ ជាការស្រេច។