បន្ទាប់ពីញ៉ាំអាហារយ៉ាងច្រើន យើងគ្រប់គ្នាប្រហែលជាពិបាកក្នុងខ្លួន ជាពិសេសតឹងពោះខ្លាំងហ្នឹងហ្មង។ ញ៉ាំឆ្អែត និងមានអារម្មណ៍ងងុយគេង តឹងពោះ សញ្ញាទាំងនេះ នឹងធ្វើឲ្យយើងមិនអាចគេងលក់ស្រួលទេ អ៊ីចឹងត្រូវតែរកវិធីធ្វើឲ្យពោះធូរតិចសិន មុនពេលគេង។ អាហារ ៥ មុខនេះអាចជួយបាន៖

១. ជីអង្កាម
ធ្លាប់ញ៉ាំជីអង្កាមអត់ បន្ទាប់ពីញ៉ាំបូហ្វេហើយ? ស្ករគ្រាប់រសជាតិជីអង្កាមជួយ កាត់បន្ថយជាតិហ្គាសក្នុងក្រពះ កាត់បន្ថយការចង់ក្អួតចង្អោរ និងជួយដល់ដំណើរការរំលាយអាហារបានល្អ។ ជាតិត្រជាក់ របស់ជីអង្កាមនឹងជួយក្រពះ និងបំពង់អាហារធ្វើការបានល្អ ជួយបញ្ចេញអាស៊ីដ ដើម្បីរំលាយអាហារក្នុងក្រពះបានល្អ។

២. ពងទាចៀនជាមួយបន្លែ
មុខម្ហូបនេះរៀងចម្លែកបន្តិច តែមិនបានន័យថាឲ្យញ៉ាំភ្លាមៗ បន្ទាប់ពីញ៉ាំបូហ្វេហើយទេ តែត្រូវញ៉ាំជាអាហារពេលព្រឹកពេលស្អែកឡើង។ ពេលយើងញ៉ាំអាហារច្រើន អាំងសុយលីន នឹងឡើងខ្ពស់ ហើយដើម្បីកាត់បន្ថយជាតិស្ករក្នុងឈាម គួរប្តូរពីញ៉ាំអាហារពេលព្រឹកផ្សេងមកញ៉ាំជាអាហារមានជាតិប្រូតេអ៊ីនខ្ពស់ដូចជាស៊ុតវិញ លាយជាមួយបន្លែដែលមានជាតិ សរសៃច្រើន ជួយសម្រួលដល់ការរំលាយអាហារទៀត។

៣. យ៉ាអួ
ស្អែកព្រឹកបន្ទាប់ពីញ៉ាំបូហ្វេហើយ គួរតែញ៉ាំយ៉ាអួ ព្រោះល្អចំពោះសុខភាព។ វាជួយឲ្យមេតាប៉ូលីសក្នុងខ្លួនធ្វើការបានល្អនៅពេលព្រឹក។

៤. តែបៃតង
បើសិនជាចង់បង្កើនថាមពលពេលព្រឹក តែបៃតងអាចជួយបាន។ ក្រៅពីនេះតែបៃតងមានសារធាតុប្រឆាំងអុកស៊ីតកម្ម វាក៏អាចការពារ កោសិកាពីការបំផ្លាញដោយសារការញ៉ាំអាហារមិនល្អច្រើន។

៥. ទឹក
ទឹកជួយទៅធ្វើការនៅផ្នែកផ្សេងៗនៃរាងកាយ។ ដូចនេះមិនត្រូវទុកឲ្យរាងកាយខ្វះជាតិទឹកទេ។ ជាពិសេសបើពីយប់បានញ៉ាំអាហារច្រើន ទឹកអាចជួយកម្ចាត់ជាតិពុលបាន។ ជួយដល់ប្រព័ន្ធរំលាយអាហារ និងទប់ស្កាត់ហ្គាសក្នុងក្រពះយើងបាន។
