ធ្លាប់ញ៉ាំអត់ គល់ខ្ទឹមជ្រក់ ឬឡាក់គាវ តែគ្នាយើងភាគច្រើនប្រហែលជាអត់ស្គាល់ ឬធ្លាប់ឮឈ្មោះហ្នឹងទេ ជាពិសេសអ្នកភ្នំពេញ។ តែហៅម៉េចក៏បានដែរ ដឹងតែឆ្ងាញ់ទៅបានហើយ ពេលញ៉ាំដាក់បង្គាក្រៀមចូលតិចៗទៀត អែមហ្មង!

គ្រឿងផ្សំ៖
- ខ្ទឹមស មើមចាស់ៗ ១គីឡូ
- ស្ករត្នោត ៣ វែក
- ទឹកខ្មេះ ៣ វែក
- អំបិល ១ ស្លាបព្រា
- ទឹក ១ លីត្រ

វិធីធ្វើ៖
១. យកខ្ទឹមស មើមចាស់កាត់ស្លឹកចេញ បកសំបកក្រៅ លាងទឹកអោយស្អាត។

២. ស្រុះមើមខ្ទឹមជាមួយទឹកក្តៅឧណ្ហៗ មួយស្របក់ ទើបស្រង់ចេញ ទុកឲ្យស្រក់ទឹក។ តម្រៀបខ្ទឹម នៅក្នុងកែវស្អាតមួយ។

៣. ដាំទឹក ១លីត្រ ជាមួយស្ករ អំបិល និងទឹកខ្មេះ ពេលពុះ លើកចេញពីភ្លើង ទុកអោយត្រជាក់ឧណ្ហៗ ទើបចាក់ចូលកែវខ្ទឹម។ គ្របកែវអោយជិត ទុកហាលថ្ងៃ ប្រហែល ១អាទិត្យ ទើបជូរឆ្ងាញ់។
