កាត់ប្រទាលជិតៗផ្ទះមួយកញ្ច្រែងមក ឬទិញពីផ្សារក៏បាន ធ្វើទឹកប្រទាលកន្ទយក្រពើញ៉ាំខ្លួនឯងនៅផ្ទះ ល្អចំពោះសុខភាព។ ធ្វើឲ្យច្រើនដាក់ដបក្លាសេទុកក្នុងទូរទឹកកកត្រជាក់ៗ រសជាតិជូរអែមឆ្ងាញ់ ស័ក្តិសមជាមួយអាកាសធាតុក្តៅ។

គ្រឿងផ្សំ៖
- ប្រទាលកន្ទុយក្រពើ
- ស្លឹកតយ
- ស្ករស
- អំបិល
- ទឹកស្អាត

វិធីធ្វើ៖
១. យកប្រទាលកន្ទុយក្រពើមកចិតបន្លាទាំងសងខាងចេញ បន្ទាប់មកបកឬចិតយកសម្បកចេញឲ្យអស់ទុកតែសាច់សៗ។

២. យកសាច់ប្រទាលកន្ទុយក្រពើមកហាន់ជាចំណិតតូចៗ រួចយកទៅលាងយកជ័រចេញឲ្យអស់ឲ្យបានច្រើនទឹកបន្ទាប់មកស្រង់ដាក់ក្នុងកញ្ច្រែងទុកមួយអន្លើ។

៣. យកស្លឹកតយមកលាងទឹកហើយហាន់ឲ្យល្អិតដើម្បីត្រៀមយកទៅកិន។ ដាក់ស្លឹកតយដែលហាន់រួច ចូលទៅក្នុងម៉ាស៊ីនក្រឡុកជាមួយទឹកឲ្យសមល្មម។ ពេលកិនរួចយកទៅ ត្រងនឹងក្រណាត់សស្អាតយកតែទឹក ហើយទុកមួយអន្លើទៀត។
៤. ដាក់ទឹកដាំក្នុងឆ្នាំងឲ្យសមល្មមតាមចំនួនប្រទាល ដោយចាក់ស្លឹកតយដែលត្រងបានខាងលើចូលទៅផង និងកុំភ្លេចចងស្លឹកតយពីរបីសន្លឹកទៅក្នុងឆ្នាំង ដើម្បីឲ្យមានក្លិនល្អ និងរក្សាក្លិនបានយូរ។

៥. ពេលទឹកពុះចាក់ស្ករចូលឲ្យផ្អែមសមល្មមតាមចូលចិត្ត និងដាក់អំបិលមួយចិបចូលផង។ ជាចុងក្រោយចាក់សាច់ប្រទាលកន្ទុយក្រពើចូល រង់ចាំឲ្យពុះម្តងទៀត ហើយលើកចុះទុកឲ្យត្រជាក់ សឹមដួសដាក់ដបក្លាសេទុកបរិភោគបានយូរថ្ងៃ៕
