ពពួកខ្យង ខ្ចៅ លាស គ្រែងអីហ្នឹង គឺយកមកច្នៃចេញជាម្ហូបឆ្ងាញ់ៗស្រួលណាស់ តែអីដែលជាបញ្ហាធ្វើឲ្យឈឺក្បាលគឺ វាមានដីនៅជាប់ទាំងក្រៅនិងក្នុង ដែលពិបាកសម្អាត ស្រួលមិនស្រួលធ្វើឲ្យម្ហូបលែងឆ្ងាញ់ទៀត។ ខាងក្រោមនេះជាវិធីងាយៗ អាចយកដីចេញបានគ្មានសល់។
ចំពោះលាសសមុទ្រ៖ រៀបចំទឹកអំបិលដាក់ចានដែក ចិតម្ទេសពីរបីជំនិតដាក់ចូល រួចដាក់វាត្រាំក្នុងទឹកនេះចោល ១ ទៅ ២ម៉ោង វានឹងលាងសម្អាតរបស់កខ្វក់ និងដីខ្សាច់ចេញអស់។ ម៉្យាងទៀតយើងអាចត្រាំវាចោលក្នុងទឹកបាយ តែវិធីនេះ យើងត្រូវត្រាំវាទុកចោល ១ យប់ ទើបអស់ដីខ្សាច់។

ចំពោះគ្រែង៖ គ្រែងមានសម្បករឹងណាស់ ពិបាកក្នុងការលាងភក់ចេញ ទោះជាបែបហ្នឹងមែន យើងនៅតែអាចប្រើប្រេងល្ង ដាក់ចូលក្នុងទឹក ហើយត្រាំវាចោល ១ ម៉ោង ទៅ ២ម៉ោង ក្លិនប្រេងល្ងនឹងធ្វើឲ្យភក់ចេញមកក្រៅដោយខ្លួនឯង។ ម៉្យាងទៀត បើគ្មានប្រេងល្ងយើងអាចត្រាំវាចោលក្នុងទឹកដែលយើងលាងអង្ករដាំបាយហើយ ដោយចិតម្ទេសដាក់ពីរបីជំនិត រួចត្រាំចោល ១ ទៅ២ម៉ោង ដើម្បីលាងដី និងភក់ចេញ បន្ទាប់មកដុះសម្បកវាដោយប្រើច្រាស់ ជាមួយនឹងទឹកស្អាត ជាការស្រេច។

ចំពោះខ្យង៖ ដាក់ត្រាំខ្យងក្នុងចានដែកជាមួយទឹកស្អាត រួចដាក់វត្ថុដែលមានជាតិលោហៈដូចជា កាំបិត ស្លាបព្រា និងសមជាដើមចូលត្រាំជាមួយ ប្រហែល ៣ ម៉ោង ភក់នៅក្នុងខ្យងនឹងចេញមកអស់គ្មានសល់ទេ។
