តោះៗ អ្នកដេកផ្ទះមិនទៅណា យើងនាំគ្នារៀនធ្វើចេកអាំងញ៉ាំ កុំខ្វល់ជ្រួលជើងទៅស្រុកតាមគេអីអត់ល្អទេ។ ឆ្នាំនេះអត់បានទៅ យើងអាចទៅឆ្នាំក្រោយបាន តែបើដើរឆ្វេចឆ្វាចជួបកូវីដដឹងតែទុក្ខធ្ងន់ហើយ មិនមែនតែយើងម្នាក់ទេ គឺមានក្រុមគ្រួសារយើងទៀតក៏ថាបាន។ ម៉ោះដើម្បីសុវត្ថិភាព យើងរៀនធ្វើម្ហូប ធ្វើនំ និងបង្អែមញ៉ាំនៅផ្ទះយើងវិញជារឿងដ៏ល្អ និងជាជម្រដ៏ឆ្លាតវៃ។ តោះៗ រៀបរាប់ហូរហែរបន្តិចហើយ ម៉ោះងាកមកមើលពីរបៀបធ្វើ និងគ្រឿងផ្សំដែលត្រូវមានសម្រាប់ធ្វើចេកអាំងយើងវិញម្ដង គឺមាននៅខាងក្រោមនេះ។
គ្រឿងផ្សំដែលត្រូវមាន៖
- ចេកណាំវ៉ា ចេកទុំ ១ ស្និត
- សាច់ដូងខ្ចី កោសជាសរសៃ ១ កូនចានចង្កិះ
- ស្ករត្នោត ៣ ខាំ ឬប្រើស្ករសក៏បាន
- អំបិល ១ ស្លាបព្រាកាហ្វេ
- ខ្ទិះដូង ២៥០ មីលីលីត្រ
របៀបធ្វើ៖
- យកចេកបកសំបកអោយស្អាត កាត់ជាកង់ៗខ្លីៗល្មម រួចយកចង្កាក់ឬស្សីមកដោត ក្រោយមកយកចេកដែលដោតរួចទៅអាំងអោយឡើង ក្រហមពណ៌ក្រឡាបល្អ
- យកស្ករត្នោត ឬស្ករស អំបិល និងខ្ទិះដូង ដាក់ក្នុងឆ្នាំងខ្ទះ រំងាស់អោយរលាយចូលគ្នា អោយពុះសព្វល្អហើយ រំងាស់ខ្ទិះដូងអោយខាប់បន្តិច រួចចាំដាក់សាច់ដូងចូល កូរពីរបីត្រឡប់ ចាំពន្លត់ភ្លើង
- យកចេកដែលអាំងឆ្អិនទៅសង្កត់អោយសំប៉ែត រួចយកទឹកស្ករខ្ទិះដូងមក ស្រោចពីលើជាការស្រេច៕