ប្លែកទៀតហើយ! គឺថាមុខម្ហូប បង្អែម ប្លែកៗរាល់ថ្ងៃ ប្រាកដជាចេះធ្វើច្រើនហើយត្រូវអត់ តាំងពីចូលដល់សម័យកូវីដមក។ មានទៅខាតអី ចេះច្រើនអញ្ចឹងល្អណាស់ ថ្ងៃក្រោយចង់ញ៉ាំធ្វើខ្លួនឯង មិនពិបាកទៅទិញគេ។ ឥឡូវថ្ងៃនេះមករៀនធ្វើទឹកត្រលាចវិញម្តង ព្រោះថាល្អណាស់ចំពោះសុខភាពផឹកទៅធ្វើអោយត្រជាក់ក្នុងរាងកាយ ដែលត្រូវជាមួយអាកាសធាតុក្តៅដូចរាល់ថ្ងៃនេះ។

គ្រឿងផ្សំ៖
- ត្រលាចចាស់ ២ ទៅ ៣ ផ្លែ
- ស្លឹកតយ ៣ ទៅ ៤ សន្លឹក
- ស្ករស (ប្រើតាមបរិមាណទឹក)
- អំបិល កន្លះស្លាបព្រាកាហ្វេ

វិធីធ្វើ៖
១. កាត់ត្រលាចជាកង់ធំៗ (មិនចាំបាច់ចិតសំបក) រួចលាងទឹកឲ្យស្អាត
២. បន្ទាប់មកត្រូវយកទៅអាំងឲ្យឡើងពណ៌ក្រហមបន្តិច

៣. ដាក់ស្លឹកតយ ដាំជាមួយទឹកឲ្យពុះរហូតចេញជាតិឈ្ងុយ សឹមដាក់ត្រលាចចូល រម្ងាស់ប្រហែល ១០ ទៅ ២០ នាទី ចាំស្រង់ត្រលាចចេញ រួចដាក់ស្ករចូលតាមចំណូលចិត្ត និងដាក់អំបិលចូលជាការស្រេច។


ពេលត្រជាក់អាចញ៉ាំបានហើយ ឬអាចច្រកដាក់ដប យកទៅក្លាសេ ឬអាចដាក់ទឹកកកចូលញ៉ាំតែម្តងកាន់តែឆ្ងាញ់។