ធុរេន គឺឆ្ងាញ់ស្រាប់ហើយ តែបើយើងយកមកធ្វើជាបាយដំណើបធុរេនទៀត នោះគឺពិតជាឆ្ងាញ់ថែមមួយកម្រិតទៀត។ បែបនេះនៅចាំអីទៀត ខែនេះសម្បូរធុរេនផង សារេទិញ២ ទៅ ៣គីឡូមកធ្វើញ៉ាំលេងកុំអោយស្គម ហើយសម្រាប់វិធីធ្វើអាចមើលខាងក្រោមបានណា។

គ្រឿងផ្សំដែលត្រូវមាន៖
- ធុរេន
 - អង្ករដំណើប
 - ស្លឹកតយ
 - ខ្ទិះដូង
 - ស្ករស
 - អំបិល
 
របៀបធ្វើ៖
- ដាំខ្ទិះដូង ថែមទឹកតិច ចងស្លឹកតើយដាក់ចូល ពេលទឹកពុះ ដាក់ធុរេន រំងាស់អោយផុយសាច់ធុរ៉េនបន្តិច ហើយដាក់ស្ករស ដាក់អំបិល១ចឹប ភ្លក់មើលល្មមលើកឡើង បើចង់ខាប់ បន្ថែមម្សៅឆាកូរលាយទឹកចាក់ចូល
 
សម្រាប់បាយដំណើប
- អង្ករដំណើប៤កំប៉ុង ដាក់ត្រាំទឹក យ៉ាងតិច២ ទៅ៣ម៉ោង
 - ដាក់ដាំទឹកក្នុងឡាំងសុឹងចំហុយ ដាក់ស្បៃហើយទ្រាប់ស្លឹកតើយ ដាក់អង្ករចំហុយហើយបិទស្បៃចម្អិនរហូតដល់ឆ្អិន រឺគេអាចធ្វើបានតាមវិធីម្យ៉ាងទៀត ដោយគ្រាន់តែដាំទឹកអោយពុះ ដាក់អង្ករចូល ហើយសិតទឹកចេញអោយស្ទើរតែអស់ បើកភ្លើងតិចៗ រហូតដល់ឆ្អិន(តាមរបៀបនេះបាយជាប់ឆ្នាំង)៕
 


