ចាហួយដូង គឺអាចចាត់ទុកថាជាបង្អែមម្យ៉ាង ដែលងាយស្រួលក្នុងការធ្វើ សម្រាប់ទុកញ៉ាំជាលក្ខណៈគ្រួសារ ព្រោះថាត្រូវប្រើគ្រឿងផ្សំតិច និងមិនត្រូវការចំណាយពេលយូរថែមទៀត។ ដូចនេះគួរតែធ្វើទុកញ៉ាំ សម្រាប់ពេលក្រោយបាយ ហើយបើបានដាក់ក្លាសេត្រជាក់ៗទៀត រសជាតិកាន់តែអ៊ែមហ្មង។ វិធីធ្វើងាយៗ មាននៅខាងក្រោមអាចមើល និងរៀនធ្វើបានណា។
គ្រឿងផ្សំដែលត្រូវមាន៖
- ដូងខ្ចី ១ ផ្លែ
- ម្សៅចាហួយ ១ ស្លាព្រាបាយកន្លះ
- ស្ករស ២ ស្លាព្រាបាយ
- អំបិល ១ ចុងស្លាបព្រាកាហ្វេ
- ខ្ទិះដូងដើម ១ កូនចាន
របៀបធ្វើ៖
- ចិតសំបកដូងជាមុនសិន បន្ទាប់មកធ្វើការកាប់មុខដូងដើម្បីយកទឹកចេញ ដូងត្រូវកាប់ទុកគម្រប ហើយកោសយកសាច់ចេញ
- បន្ទាប់ពីកោសសាច់ចេញរួច អ្នកត្រូវចាក់ទឹកដូងចូលទៅក្នុងឆ្នាំងមួយ បន្ទាប់មក ចាក់ អំបិល ស្ករ ព្រមទាំងម្សៅចាហួយមួយស្លាព្រាចូល កូរឲ្យសព្វ ហើយយកទៅដាក់ដាំឲ្យពុះ នៅក្នុងអំឡុងពេលដាំអ្នកត្រូវកូរវាឲ្យជាប់ដើម្បីកុំឲ្យវាកក បាតក្រោម
- បន្ទាប់ពីដាំពុះហើយ អ្នកត្រូវយកវាមកដាក់ក្នុងដូង ហើយបន្ថែមសាច់ដូងដែលអ្នកកោសទុកនោះចូល រួចចាំចាក់ខ្ទិះ រង់ចាំឲ្យត្រជាក់បន្តិចជាការស្រេច៕