ជើងជ្រូកបំពងស្រួយស្រឹប ជ្រលក់ទឹកត្រីបុកទៀតឆ្ងាញ់តិចអី

ស្រួយស្រឹប ជ្រលក់ទឹកត្រីបុកជាតិមិនធម្មតា

0
2110

ភ្លេចខ្លួនថ្ងៃនេះ ថ្ងៃចូលឆ្នាំហើយតើ ហើយចុះមានម្ហូបអ្វីខ្លះហើយសម្រាប់ញ៉ាំជាមួយគ្រួសារ? បើថានៅមិនទាន់គិតចេញថាត្រូវធ្វើអ្វីទេ តោះមកធ្វើជើងជ្រូកបំពងញ៉ាំហ្មងទៅ រសជាតិឆ្ងាញ់មិនអន់ទេណា គឺថាស្រួយស្រឹបជាពិសេស ពេលជ្រលក់ជាមួយទឹកជ្រលក់ទៀតនិយាយពីថាឆ្ងាញ់អើយឆ្ងាញ់ រូបមន្តរបៀបធ្វើមាននៅខាងក្រោមណាអាចធ្វើញ៉ាំបានម៉ាអ៊ែម។

រូបភាព៖ SH onlineshop

គ្រឿងផ្សំដែលត្រូវមាន៖

  • ជើងជ្រូក(ជើងមុខ)១គ.ក្រ
  • អុបឆឺយ(ឈើឯម) ៣ចំណិត
  • ប៉ូចកាក់ ៤ផ្កា
  • ខ្ទឹមស ៨ទៅ ១០កំពឹស
  • ម្រេចគ្រាប់ ១០គ្រាប់
  • ឬសជីរវ៉ាន់ស៊ុយ ដំឲ្យបែក ៤គល់
  • ទឹកស៊ីអ៊ីវ ៣ស្លាបព្រាបាយ
  • ទឹកម្ទេស ៣ស្លាបព្រាបាយ
  • ប្រេងឆា សម្រាប់បំពង ២វែកសម្ល
  • បន្លែស្រស់ៗ ស្ពៃក្ដោប ប៉េងប៉ោះ ១មុខៗ ២០០ក្រាម

របៀបធ្វើ៖

  • ជើងជ្រូកត្រូវរោលឆ្អើរភ្លើងឲ្យក្រៀម មុននឹងយកទៅលាងទឹកឲ្យស្អាត កោររោមរលីង រួចលាងទឹកម្ដងទៀត ហើយដាក់សំដិលឲ្យស្ងួត
  • បុកខ្ទឹមស ម្រេច និង ឫសជីរវ៉ានស៊ុយចូលគ្នា ទុកមួយអន្លើសិន ។
  • ជើងជ្រូក រៀបដាក់ចូលឆ្នាំង សម្រាប់ស្ងោរ ចាក់ទឹកចូលល្មមលិច រួចបង់ មើមខ្ទឹម ម្រេច និងឫសជីរវ៉ាន់ស៊ុយ ដែលបុកហើយ ចូល ហើយធ្វើការថែមអុបឆឺយ ប៉ូចកាក់ ទឹកស៊ីអ៊ីវ និងទឹកម្ទេស ហើយរំងាស់ប្រមាណ២ម៉ោង បើរីងទឹក ថែមទឹកចូលទៀត រំងាស់រហូតជើងជ្រូកផុយ សឹមស្រង់ឡើងទុកឲ្យស្ងួត
  • ដាក់ខ្ទះលើភ្លើងឲ្យក្ដៅ ហើយចាក់ប្រេងឆាចូល ។ បន្ទាប់មកដាក់ជើងជ្រូក នោះចូលបំពងឲ្យស្រួយ ដោយប្រើរយៈពេលប្រមាណ ១៥ ទៅ ២០នាទី សឹមដួសឡើងទុកឲ្យស្រស់ប្រេង
  • រៀបជើងជ្រូកបំពង ដាក់ចាន និងបន្លែ ទឹកត្រីបុក ញ៉ាំជាមួយបាយក្ដៅៗ ធានាថាឆ្ងាញ់ជាប់មាត់៕
រូបភាព៖ Chuob Romduol