ឃើញថាប៉ុន្មានថ្ងៃនេះចាប់ផ្ដើមមានភ្លៀងធ្លាក់ជាបណ្ដើរៗហើយ សម្រាប់អ្នកតាមខេត្តប្រហែលអាចរកកង្កែបបានញ៉ាំហើយមើលទៅភ្លៀងប៉ុន្មានថ្ងៃនេះ។ និយាយពីរឿងកង្កែប គឺថាយកមកឆាក្ដៅ ឆាគ្រឿង អាំងក៏ឆ្ងាញ់ តែបើចង់កាន់តែឆ្ងាញ់ទៀតនោះគឺ អាចយកមកធ្វើជាកង្កែបបោក នោះកាន់តែពិសេស។ ចំពោះរូបមន្តធ្វើ និងគ្រឿងផ្សំដែលត្រូវមាន Admin ទុកនៅខាងក្រោម បើចាប់អារម្មណ៍អាចចូលមើល សម្រាប់ធ្វើញ៉ាំបានណា។
? គ្រឿងផ្សំដែលត្រូវមាន៖
- កង្កែប ៣គីឡូ
- សាច់ជ្រូកបីជាន់ កន្លះគីឡូ
- គ្រឿងបុក ១ចានចង្កឹះ (គល់ស្លឹកគ្រៃ រមៀត ម្តេង ខ្ទឹមស ស្លឹកក្រូចសើច)
- ខ្ទឹមក្រហម ៤ដុំ ហាន់ស្តើងៗ
- ខ្ទឹមស ១០កំពឹស ចិញ្រ្ចាំអោយល្អិត
- ទឹកត្រី ២ស្លាបព្រាបាយ
- ស៊ុបមាន់ ២ស្លាបព្រាបាយ
- អំបិល កន្លះស្លាបព្រាបាយ
- ស្ករ ២ស្លាបព្រាបាយ
- ម្សៅអំពិល ១ស្លាបព្រាបាយ (អត់ក៏បានតាមចំនូលចិត្ត)
- ម្ទេស ១៥គ្រាប់ (តាមចំនូលចិត្ត) ហាន់ល្អិតៗ
- ស្លឹកក្រូចសើច ១០សន្លឹក ហាន់ជាសរសៃតូចៗ
- ម្រះព្រៅ
? របៀបធ្វើ៖
- លាងកង្កែបអោយស្អាត កាត់ជើងចេញទុកត្រឹមភ្លៅ រួចយកទៅប្រលាក់គ្រឿងមួយមុខបន្តិចៗ (ទឹកត្រី អំបិល ស្ករ ស៊ុបមាន់) ទុកមួយឡែក
- ចិញ្រ្ចាំសាច់ជ្រូក និងជើងកង្កែប (កុំម៉ដ្ធពេក) រូចដាក់ ម្ទេស ខ្ទឹមស ខ្ទឹមក្រហម ស្លឹកក្រូច ចិញ្រ្ចាំចូលគ្នា
- ដាក់គ្រឿងផ្សំដែលនៅសល់ទាំងអស់ និងសាច់ខាងលើ ច្របល់ចូលគ្នាអោយសព្វ រួចហាន់ម្រះព្រៅដាក់ ច្របល់ចូលគ្នាអោយសព្វម្តងទៀតរួច យកទៅញោតចូលក្នុងកង្កែបអោយពេញ (កុំណែនពេក)
- យកកង្កែបបោកទៅអាំងដោយប្រើកំដៅតិចៗ រហូតដល់ឆ្អិនល្អរួចជាការស្រេច៕
ប្រភព៖ ផ្ទះចាស់