រដូវកាលត្រូវរៀនពីផ្ទះ និងធ្វើការពីផ្ទះ ជាពិសេសអ្នកមិននៅជាមួយប៉ាម៉ាក់ច្បាស់ជាពិបាករឿងម្ហូបញ៉ាំ ណាមួយគ្មានពេល ហើយបើចង់កុម្ម៉ង់គេពីក្រៅមកក៏មិនស្រួលដែរ ហើយអស់លុយច្រើនទៀត។ អ៊ីចឹងថ្ងៃហ្នឹងចាំ Admin ណែនាំម្ហូបប៉ុន្មានមុខនេះស្រួលធ្វើ មិនត្រូវការគ្រឿងច្រើន ហើយឆ្ងាញ់ទៀត។
១. ពងទាស្ងោរជូរហឹរ
គ្រឿងផ្សំ៖ ពងទា ៤ គ្រាប់ , ទឹកក្រូចឆ្មា , ស្ករ , ទឹកត្រី , ម្ទេស , ខ្ទឹមក្រហម
វិធីធ្វើ៖ ដាក់ពងទាស្ងោរឲ្យឆ្អិនល្មម (កុំឆ្អិនពេក) រួចពុះជាពីរ បន្ទាប់មកលាយទឹកត្រី ស្ករ ទឹកក្រូចឆ្មារចូលគ្នា ភ្លក្សឲ្យល្មម ហាន់ម្ទេស និងខ្ទឹមក្រហមដាក់ចូល រួចស្រោចពីលើពងទាជាការស្រេច។

២. មីឆាសាច់ជ្រូកចិញ្ច្រាំ
គ្រឿងផ្សំ៖ មី ១ កញ្ចប់ , សាច់ជ្រូកចិញ្ច្រាំ , ដើមខាត់ណា , ប្រេងឆា, ពងមាន់
វិធីធ្វើ៖ ស្រុះមីឲ្យឆ្អិន រួចចាក់ទឹកចេញពីក្នុងឆ្នាំង បន្ទាប់មកចាក់ប្រេងឆាចូល គោះពងមាន់ចូល រួចដាក់សាច់ និងបន្លែចូល បន្ទាប់មកប្រើគ្រឿងក្នុងកញ្ចប់មីដាក់ចូល រួចដាក់មីចូលឆាឲ្យសព្វជាការស្រេច។

៣. ស៊ុតចំហុយ
គ្រឿងផ្សំ៖ ស៊ុត ២ គ្រាប់, ទឹកឆ្អិនបន្តិច, ការ៉ុតកាត់ជាជំនិតតូចៗ ឬប្រហិតក្តាម, ជីវ៉ាន់ស៊ុយ , ទឹកស៊ីអ៊ីវ
វិធីធ្វើ៖ គោះស៊ុតដាក់ចូលក្នុងចានធន់នឹងកម្តៅ, ប្រើសម ឬចង្កឹះកូរឲ្យឡើងពពោះ បន្ទាប់មកដាក់ទឹកចូលបន្តិច រួចចាក់ទឹកស៊ីអ៊ីវចូលកូរឲ្យសព្វ ដាក់ការ៉ុត ឬប្រហិតក្តាមចូល, ដាក់ចូលក្នុងឆ្នាំងចំហុយឲ្យប្រហែល ២៥នាទី ជាការស្រេច។


៤. សាឡាដត្រីខកំប៉ុង
គ្រឿងផ្សំ៖ ត្រីខ ១ កំប៉ុង, ស្ករ, ក្រូចឆ្មា, ទឹកត្រី, ខ្ទឹមក្រហម, ស្លឹកជីអង្កាម
វិធីធ្វើ៖ លាយទឹកត្រី ស្ករ ទឹកក្រូចឆ្មា និងទឹកត្រីខចូលគ្នា ថែមម្ទេស ខ្ទឹមក្រហម លាយចូលគ្នា បន្ទាប់មកដួសដាក់លើ ត្រីខ និងបន្ថែមស្លឹកជីអង្កាមជាការស្រេច។


៥. មី Mama សាច់ជ្រូកចិញ្ច្រាំ
គ្រឿងផ្សំ៖ មី Mama ១ កញ្ចប់, ស៊ុត ១ គ្រាប់, សាច់ជ្រូកចិញ្ច្រាំ, ស្លឹកខ្ទឹម
វិធីធ្វើ៖ ដាក់ដាំទឹកឲ្យពុះ រូចដាក់សាច់ជ្រូកចូល រហូតដល់ឆ្អិន ហែកមីដាក់ចូល (ស្ងោរមីនិងសាច់ជ្រូកចូលគ្នាធ្វើឲ្យរសជាតិកាន់តែឆ្ងាញ់) គោះស៊ុតដាក់ចូល ថែមគ្រឿងក្នុងមីចូលជាការស្រេច។

