សម្រាប់អ្នកចូលចិត្តញ៉ាំនំប៉ាវ មានគិតចង់បញ្ចេញស្នាដៃធ្វើញ៉ាំដោយខ្លួនឯងរឺអត់? Admin គិតថាបើរបស់យើងចូលចិត្តញ៉ាំ យើងគួរតែចេះធ្វើព្រោះបើមិនមានគេលក់ ក៏យើងអាចធ្វើញ៉ាំដោយខ្លួនឯងបានមិនបាច់ខ្វល់។ របៀបធ្វើមាននៅខាងក្រោមនេះ ហើយបើអ្នកណាធ្វើច្រើនពេលឆ្អិនហើយកុំភ្លេចចែកAdmin ខ្លះផងណា។


? គ្រឿងផ្សំម្សៅនំប៉ាវ៖
- ម្សៅមី ៥០០ក្រាម
- ស្ករស ១០០ ក្រាម
- ម្សៅនំដុត (baking powder) ២ស្លាបព្រាកាហ្វេ
- ម្សៅឡើង (Yeast) ២ ស្លាបព្រាកាហ្វេ
- អំបិល កន្លះស្លាបព្រាបាយ
- ទឹកដោះគោ ៤០០មីលីលីត្រ
- ប្រេងឆា ១ ស្លាបព្រាបាយ
- ទឹក ១៥០មីលីលីត្រ
? គ្រឿងផ្សំស្នូលនំប៉ាវ៖
- ប៉ិគក់ ២ផ្លែ
- ការ៉ុត ៣០០ក្រាម
- ផ្សិតស្លឹកត្រចៀកកណ្តុរ ១០០ក្រាម
- ផ្សិតកំប៉ុង ១កំប៉ុង
- សាច់ជ្រូកចិញ្ច្រាំ ៤០០ក្រាម
- អំបិល
- ស្ករស
- ប្រេងឆា
- ទឹកសុីអុីវ
- ពងទា

? របៀបធ្វើ៖
- យកម្សៅមី មកលាយនឹងគ្រឿងផ្សំសម្រាប់ធ្វើម្សៅដូចជា ម្សៅនំដុត ម្សៅឡើង ស្ករស អំបិល ប្រេងឆា ទឹកដោះគោ និងទឹក រួចច្របាច់អោយសប់ ហើយយកក្រណាត់សើមគ្របទុករយៈពេល ១ម៉ោងដើម្បើអោយម្សៅ និងមេម្សៅវាឡើងល្អ
- ដាក់ត្រាំផ្សិតស្លឹកត្រចៀកកណ្តុរ ១០នាទី រហូតដល់ផ្សិតរីក
- ហាន់ ឬឈូសការ៉ុត ប៉ិគក់អោយជាសរសៃៗ ហើយហាន់ផ្សិតកំប៉ុង និងផ្សិតស្លឹកត្រចៀកកណ្តុរអោយម៉ដ្ត
- ចិញ្ច្រាំសាច់ជ្រូកអោយម៉ដ្ត រួចយកមកលាយជាមួយបន្លែ និងដាក់គ្រឿងអោយល្មមតាមរសជាតិតាមការចូលចិត្ត
- ស្ងោរពងទា ៦គ្រាប់ ដើម្បើដាក់លាយជាមួយស្នូល នំប៉ាវ
- យកម្សៅនំប៉ាវ មកច្របាច់វា២នាទីទៀតអោយវាហាប់ល្អ
- ធ្វើការលុញម្សៅជារាងទ្រវែង ហើយកាត់ជាពីរ រួចកាត់កំណាត់ម្សៅជាពីរៗរហូតដល់វាតូចល្មម ប៉ុនកណ្តាប់ដៃរហើយកិនអោយវាសំប៉ែតរួចយកស្នូលដែលលាយគ្រឿងរួចមកដាក់កណ្តាល ដាកពងទា១ចំណិត រួចរុំម្សៅបិតវាអោយជិតហើយដាក់ក្រដាស់ទ្រនាប់ និងយកទៅដាក់ចំហុយក្នុងឡាំងសុឹងរហូតដល់ឆ្អិនរួចជាការស្រេច៕


