មិនមែនស្រួលទេអារឿងបបួលគ្នាទៅដើរលេងឲ្យជុំគ្នាសប្បាយនេះ ជឿថាម្នាក់ៗសុទ្ធតែមានបទពិសោធន៍ជោគជាំហើយជាមួយមិត្តភក្ដិហើយ។ ថ្ងៃបបួលគ្នាដំបូងមាន ២០ នាក់ ពីរបីថ្ងៃក្រោយនឹងមានច្បាស់ជាបាត់ម្តងម្នាក់ៗ។ ចង់ចងជើងមិត្តភក្ដិឲ្យជាប់ដល់ថ្ងៃទៅទ្រីប ត្រូវដឹងតិចនិកទាំងនេះ៖

១. ប្រមូលលុយមុន
វាជាបញ្ហាធម្មតាដែលយើងគ្រប់គ្នាតែងតែមើលរំលង។ សម្លាញ់ៗយើងតែងតែបោកគ្រាប់បែកព្រោះតែ ដល់ថ្ងៃហើយថាអត់លុយ។ បើយើងចង់ប្រមូលលុយមុនទាំងអស់ យើងអាចប្រើវិធីយកតិចៗប្រចាំថ្ងៃ ឬ មួយអាទិត្យប្រមូលម្តង សម្រាប់ការចាយវាយថ្លៃសំបុត្រឡាន ឬយន្តហោះ និងអាហារញ៉ាំរួមគ្នា។ ពេលប្រមូលលុយបានខ្លះគួរទៅទិញរបស់ខ្លះគួរទិញឲ្យហើយ។
២. កក់សំបុត្រទុកមុន
យកល្អគួរតែរៀបចំកក់សំបុត្រទុកមុន បើសិនជាសំបុត្រយន្តហោះវិញគួរតែកក់ទុកមុនជាខែ ព្រោះវាថោកជាងយើងកក់ជិះភ្លាមច្រើន។ ធ្វើបែបនេះជឿថាមិត្តភក្ដិយើងនឹងមានអារម្មណ៍ចង់ទៅ ទោះយ៉ាងណាក៏ពួកគេអាចស្តាយលុយទិញសំបុត្រដែរ។

៣. កំណត់ច្បាប់ឲ្យហើយ សម្រាប់អ្នកចង់បោកគ្រាប់បែក
វិធីនេះជឿថាមានប្រសិទ្ធភាព ឧទាហរណ៍ដូចជា កក់លុយហើយ បើមិនទៅវិញ ក៏មិនឲ្យលុយវិញដែរ។ បើវិធីនេះមិនមានប្រសិទ្ធភាព គួរតែបង្កើតពិន័យ តែគួររកវិន័យណាឲ្យស្មើភាពគ្នា ដើម្បីកុំឲ្យខឹងគ្នាពេលក្រោយ។

៤. បបួលឲ្យមើលមនុស្ស
យើងច្បាស់ជាដឹងថាមិត្តភក្ដិយើងចូលចិត្តអី។ អ្នកខ្លះងាយស្រួលទេ បបួលទៅណាក៏ទៅ តែខ្លះទៀតបបួលដល់ស្លាប់ក៏មិនទៅដែរ។ យើងអាចមើលមនុស្សដែរ មុននឹងបបួល ទើបមិនសូវមានអ្នកបោកគ្រាប់បែកច្រើន។

៥. សួរយោបល់ពីមិត្តភក្តិ ពីកន្លែគួរទៅ
យើងហៅគេទៅកន្លែងដែលយើងចង់ទៅតែម្នាក់ឯង មិនមែនជារឿងល្អទេ។ រឿងនេះគួរតែសម្រេចជាក្រុម គួរតែសុំជម្រើសពីមិត្តភក្ដិ ថាពួកចង់ទៅណា ចង់ធ្វើបែបណាខ្លះ។ បើនិយាយគ្នាត្រូវ យើងនឹងកាន់តែមានទឹកចិត្តចង់ទៅកន្លែងនោះជាមួយគ្នា។ អ្វីសំខាន់នោះ មិនគួរបបួលគ្នាច្រើនពេកទេ ព្រោះអាចនឹងពិបាកសម្រេច ព្រោះតែមានចិត្ត និងជម្រើសច្រើន អាចបំផ្លាញផែកការណ៍ដើរលេងបាន។

