និយាយដល់ពោតឆា កន្លែងណាសម្បូរជាងលក់ជាងគេ? ច្បាស់ជាម្តុំសួនវត្តបទុំ វិមានឯករាជ្យហើយ ទៅដល់ឃើញរទេះលក់ដង្ហែគ្នាហ្មង។ ចុះបើប្តូរពីទិញគេ សាកមកធ្វើខ្លួនឯងវិញមិនល្អ ទីមួយច្បាស់ទុកចិត្តអនាម័យជាង ទីពីរច្បាស់ជារសជាតិនិងគ្រឿងផ្សំត្រូវមាត់ជាង។ នេះវិធីធ្វើ តោះសាកធ្វើញ៉ាំទាំងអស់គ្នា៖

គ្រឿងផ្សំ៖
- ពោត ២០០ក្រាម (បេះយកសាច់)
- គល់ស្លឹកខ្ទឹមហាន់ ១ ស្លាបព្រាកាហ្វេ
- បង្គាក្រៀម ១០០ ក្រាម ត្រាំទឹកឲ្យទន់
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ស្ករស កន្លះស្លាបព្រាកាហ្វេ
- ទឹកត្រី ១ ស្លាបព្រាកាហ្វេ
- ទឹកម្ទេស ១ ស្លាបព្រាកាហ្វេ
- ប័រ ១០ ក្រាម
- ស្លឹកខ្ទឹម ហាន់ល្អិតៗ
វិធីធ្វើ៖
១.យកឆ្នាំងដាក់ទឹកចូលដាំឲ្យពុះ រួចដាក់អំបិល និងដាក់ពោតចូលស្ងោរឲ្យឆ្អិន ហើយស្រង់ទុកមួយឡែក
២.ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់គល់ស្លឹកខ្ទឹម និងបង្គាក្រៀមចូល រលីងឲ្យឈ្ងុយ ហើយដាក់ពោតចូលឆា ៣ ទៅ ៤ ត្រលប់

៣.បន្ទាប់មកដាក់ទឹកត្រី ទឹកម្ទេស និងស្ករសចូល ឆាច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ស្លឹកខ្ទឹម ចូលឆា ២ ទៅ ៣ ត្រលប់ ហើយដាក់ប័រចូល ឆាច្របល់ចូលគ្នាឲ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រេច។
