គ្រាន់តែនិយាយដល់កំពឹសចៀន ច្បាស់ជាមានអ្នកខ្លះនឹកដល់កាលពីកុមារភាព ដែលធ្លាប់ទិញញ៊ាំនៅសាលារៀនជាមួយមិត្តភក្តិអីហើយ។ សម្រាប់ Admin ប្រហិតចៀននេះគឺជាទីពេញចិត្តហ្មងហើយកាលរៀនបឋមសិក្សា ជាពិសេសថ្ងៃណាខ្វះលុយ បបួលមិត្តភក្ដិចូលលុយគ្នាទិញហើយកាច់ចែកគ្នាញ៊ាំ តោះអ្នកណាធ្លាប់មានអនុស្សវរីយ៍បែបនេះខ្លះឆាប់ខលបបួលមិត្តចាស់មកធ្វើកំពឹសចៀននេះញ៊ាំរំលឹកនឹកអនុស្សវរីយ៍កម្សត់កម្រជាមួយគ្នា។
▶️ គ្រឿងផ្សំដែលត្រូវមាន៖
- កំពឹស ៣០០ក្រាម
- ម្សៅអង្ករ ១០០ក្រាម
- ម្សៅសូដា កន្លះស្លាបព្រាកាហ្វេ
- ទឹក ១០០មីលីលីត្រ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ប្រេងឆា ១៥០ ទៅ២០០មីលីលីត្រ
▶️ គ្រឿងផ្សំអំបិលក្រូចឆ្មារ៖
- អំបិល ១ស្លាបព្រាកាហ្វេ
- ម្រេចគ្រាប់ខ្មៅ ១ស្លាបព្រាកាហ្វេ
- ក្រូចឆ្មារ ២ផ្លែ
▶️ របៀបចៀនកំពឹស៖
- លាងកំពឹសអោយស្អាតជាមួយទឹកសាប រួចដាក់សម្រក់ទឹកវាអោយស្ងួត
- ដាក់ម្សៅលាយក្នុងចាន ថែមម្សៅសូដា ទឹក និងអំបិលរួចធ្វើការកូរអោយសព្វចូលគ្នា
- ចាក់ប្រេងឆាចូលក្នុងខ្ទះ ដាំលើចង្ក្រានដោយប្រើភ្លើងអោយក្ដៅខ្លាំង។ ដួសម្សៅប្រហែលមួយស្លាបព្រាដាក់ចូលក្នុងខ្ទះ រួចដាក់កំពឹសប្រហែលមួយស្លាបព្រាបាយដែរ រួចដាក់ចូលក្នុងប្រេងឆាដែលដាំក្ដៅក្នុងខ្ទះ។ ដាក់ចម្អិនទាល់តែចាឡើងរឹង និងកំពឹសឡើងក្រហម រួចចាប់វាចេញពីខ្ទះទុកអោយស្រក់ប្រេងឆាអស់ រួចលើកដាក់ចូលក្នុងចានរួចជាការស្រេច។
▶️ របៀបធ្វើម្រេចក្រូចឆ្មារ៖
- យកអំបិល និងម្រេចលីងក្នុងខ្ទះអោយឡើងឈ្ងុយ រួចយកទៅបុកអោយម៉ដ្ឋ
- រួចធ្វើការច្របាច់ក្រូចឆ្មារចូលរួចជាការស្រេច
ជម្រើសមួយទៀតអ្នកទាំងអស់គ្នាក៏អាចយកកំពឹសមកចៀនជាមួយនំប៉័ងបានដែរ ញ៊ាំទៅធ្វើអោយប្លែកមួយកម្រិតទៀត៕