បង្អែមព្រិលត្រចៀកកាំ មិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ល្អសម្រាប់សុខភាពថែមទៀតជួយការពារកុំអោយកើតជំងឺស្ត្រូកដាច់សរសៃឈាម, បំពេញជាតិទឹកក្នុងខ្លួន បន្ថយកម្ដៅ, ជួយអោយស្បែកភ្លឺរលោងបំបាត់ភាពជ្រីវជ្រួញ, បំប៉ន់ខួរក្បាល ជំនួយការចងចាំ, កាត់បន្ថយខ្លាញ់ក្នុងសរសៃឈាម ធ្វើអោយសម្ពាធឈាមល្អ, ជួយសម្រួលដល់ការបន្ទោរបង់ ជាពិសេសល្អសម្រាប់ស្ត្រីមានផ្ទៃពោះ។ តោះល្អសម្រាប់សុខភាពបែបនេះហើយនៅចាំអីទៀត ធ្វើញ៊ាំសម្រាប់ក្រុមគ្រួសារជាទីស្រលាញ់របស់យើងភ្លាមទៅ របៀបធ្វើមាននៅខាងក្រោម។
គ្រឿងផ្សំដែលត្រូវមាន៖
- ព្រិលត្រចៀកកាំសុទ្ធ
- ពុទ្រាក្រហម
- ផ្សិតត្រចៀកកណ្ដុរស
- មៀនក្រៀម
- គ្រាប់ហ្គូជី
- គ្រាប់ឈូក
- ជ័រពេស
- គ្រាប់ឈៀ
- ស្ករក្រាម
- ទឹក (២៥០មីលីលីត្រ)
- អំបិល
របៀបធ្វើ៖
- ដំបូងត្រូវយក គ្រាប់ឈូក, ព្រិលត្រចៀកកាំសុទ្ធ, ជ័រពេស ទៅត្រាំទឹករយៈពេល៨ ទៅ១០ម៉ោង(ដាក់ទឹកអោយច្រើនបន្តិចព្រោះវារីកខ្លាំង) សម្រាប់ផ្សិតត្រចៀកកណ្ដុរសត្រូវត្រាំរយៈពេល១៥នាទី រួចធ្វើការលាងអោយបានស្អាតទាំង៤មុខ និងគ្រាប់ឈៀធ្វើការដាក់ត្រាំទឹកដូចគ្នាអោយវារីកផងដែរ
- ធ្វើការកាត់ផ្សិតត្រចៀកកណ្ដុរស ជាដុំៗតូចៗល្មម
- ដាក់ដាំទឹក (២៥០មីលីលីត្រ)អោយពុះរួចធ្វើការដាក់គ្រាប់ឈូកចូលទុករយៈពេល៣នាទី បន្ទាប់មកដាក់ព្រិលត្រចៀកកាំ, ជ័រពេស, មៀនក្រៀម, ផ្សិតត្រចៀកកណ្ដុរស ទុករហូតដល់ឆ្អិន បន្ទាប់មកទៀតដាក់ពុទ្រាក្រហម និងស្ករក្រាម ចូលរួចធ្វើការភ្លក្សយករសជាតិតាមចំណូលចិត្ត(ផ្អែមល្មម រឺផ្អែមខ្លាំង) ហើយកុំភ្លេចដាក់អំបិលមួយចឹបដើម្បីយករសជាតិផ្អែមមុត និងទុករយៈពេល ៤នាទី
- បន្ទាប់មកត្រូវដាក់គ្រាប់ហ្គូជី ចូល ហើយដាក់គ្រាប់ឈៀ រហូតដល់ពុះនោះរួចជាការស្រេច៕