ត្រៀមសម្រាប់ពេលល្ងាចនេះ របៀបធ្វើកង្កែបបោក​ប្រឡាក់គ្រឿងឆ្ងាញ់

កង្កែបបោក​ប្រឡាក់គ្រឿងឆ្ងាញ់

0
4810

តោះថ្ងៃនេះមានអ្វីពិសេសទៀតហើយ សម្រាប់បងប្អូនមួយចំនួនប្រហែលជាចំថ្ងៃឈប់សំរាក ចឹងក៏ជាពេលដែលត្រូវបញ្ចេញស្នាដៃចុងភៅដៃឯកហើយ ត្រៀមម្ហូបជួបជុំគ្រួសារពេលល្ងាច ដូចនេះ​មុខម្ហូបកង្កែបបោក​ប្រឡាក់គ្រឿង អាចជាជម្រើសល្អមួយសម្រាប់លើកយកចម្អិនហើយ សម្រាប់រូបមន្តក៏មានស្រាប់ដែរ។

គ្រឿងផ្សំ

– កង្កែប ៣គីឡូ
– សាច់ជ្រូកបីជាន់ កន្លះគីឡូ
– គ្រឿងបុក ១ចានចង្កិះ (គល់ស្លឹកគ្រៃ រមៀត ម្តេង ខ្ទឹមស ស្លឹកក្រូចសើច)
– ខ្ទឹមក្រហម ៤ដុំ ហាន់ស្តើងៗ
– ខ្ទឹមស ១០កំពិស ចិញ្រ្ចាំអោយល្អិត
– ទឹកត្រី ២ស្លាបព្រាបាយ
– ស៊ុបមាន់ ២ស្លាបព្រាបាយ
– អំបិល កន្លះស្លាបព្រាបាយ
– ស្ករ ២ស្លាបព្រាបាយ
– ម្សៅអំពិល ១ស្លាបព្រាបាយ (អត់ក៏បានតាមចំនូលចិត្ត)
– ម្ទេស ១៥គ្រាប់ (តាមចំនូលចិត្ត) ហាន់ល្អិតៗ
– ស្លឹកក្រូចសើច ១០សន្លឹក ហាន់ជាសរសៃតូចៗ
– ម្រះព្រៅ

របៀបធ្វើ

– លាងកង្កែបអោយស្អាត កាត់ជើងចេញទុកត្រឹមភ្លៅ រួចយកទៅប្រលាក់គ្រឿងមួយមុខបន្តិចៗ (ទឹកត្រី អំបិល ស្ករ ស៊ុបមាន់) ទុកមួយឡែត។
– ចិញ្រ្ចាំសាច់ជ្រូក និងជើងកង្កែប (កុំម៉ដ្ធពេក) រូចដាក់ ម្ទេស ខ្ទឹមស ខ្ទឹមក្រហម ស្លឹកក្រូច ចិញ្រ្ចាំចូលគ្នាមួយភ្លែត។
– ដាក់គ្រឿងផ្សំដែលនៅសល់ទាំងអស់ និងសាច់ខាងលើ ច្របល់ចូលគ្នាអោយសព្វ រួចហាន់ម្រះព្រៅដាក់ ច្របល់ចូលគ្នាអោយសព្វម្តងទៀតរួច យកទៅញោតចូលក្នុងកង្កែបអោយពេញ (កុំញោតណែនពេក)។
– យកកង្កែបបោកទៅអាំងដោយប្រើកំដៅតិចៗ រហូតដល់ឆ្អឹនល្អ ប្រហែលជា ៤០នាទីជាការស្រេច៕
@អ្នកស្រីសុគន្ធារី