ដឹងអត់ពេលញ៉ាំនំប៉័ងសាច់ ឬពងមាន់អាំងអី ឲ្យតែប័រឆ្ងាញ់ ដឹងតែឆ្ងាញ់ដែរហើយ។ មានអីពិបាកចង់ញ៉ាំប័រឆ្ងាញ់ ធ្វើញ៉ាំខ្លួនឯងក៏បានដែរ ទិញតែនំប៉័ងម៉ោ គោះតែពងមាន់ ថែមប៊ឺរដាក់អាំង បានមួយឈុតបាត់។ សល់លុយទៀត មិនបាច់ចេញទៅក្រៅនាំតែហត់។

គ្រឿងផ្សំ៖
- ពងមាន់យកតែផ្នែកក្រហម ៥ គ្រាប់
- ប្រេងឆា១ គីឡូ (ប្រសិនចង់ខាប់ កន្លះគីឡូ)
- អំបិល ១ ចុងស្លាបព្រាបាយ
- ស្ករស ១ កែវខ្លីផឹកទឹក
- ប្រដាប់វាយពងទា

វិធីធ្វើ៖
១. យកអំបិល និងស្ករសលាយច្របល់ចូលគ្នា
២. យកចានជ្រៅ១មក និងប្រដាប់វាយពងទា
៣. ដួសប្រេងឆា ១ ស្លាបព្រាបាយ ដាក់ក្នុងចាន រួចដួសផ្នែកក្រហមពងមាន់ ១ ស្លាបព្រាដែរ រួចដាក់ស្ករដែលលាយអំបិលរួចនោះកន្លះស្លាបព្រាបាយមកវាយក្រឡុកកូរពីឆ្វេងទៅស្តាំ រហូតដល់វាឡើងខាប់រួចយកប្រដាប់ក្រឡុកមកវាយបន្ថែមពីលើចុះក្រោមទៀតទាល់តែខាប់ទៀត ទើបដួសបន្ថែមប្រេងឆា ១ ស្លាបព្រាបាយដាក់ចូល ដាក់ផ្នែកក្រហមនៃពងមាន់ដាក់ចូលដាក់ស្ករលាយអំបិលស្រេចនោះកន្លះស្លាបព្រាចូលទៀត រួចវាយដូចរៀបរាប់ខាងលើដដែលៗរហូតដល់អស់ប្រេងឆា ពងមាន់ និងស្ករលាយអំបិលរលីង។
៤. រក្សាទុកក្រៅទូរទឹកកកបាន ២ សប្តាហ៍ដោយមិនខូច ប្រសិនបើដាក់ក្នុងទូរទឹកកកវានឹងរលាយរាវដូចជាប្រេងឆាវិញមិនអាចប្រើបានទៀតទេ។
