ជឿថាម្នាក់ៗច្បាស់ជាធ្លាប់មានបទពិសោធន៍ងើបមកមុខហើម ដោយមិនដឹងមូលហេតុមិនខាន។ ភាគច្រើនវាបណ្តាលមកពីការញ៉ាំរបស់យើងមុនពេលចូលគេងកាលពីយប់។ ថ្ងៃនេះយើងនឹងណែនាំអាហារ ៥ យ៉ាងញ៉ាំទៅអាចធ្វើឲ្យមុខយើងហើមនៅពេលព្រឹក។ បើមិនចង់ងើបមកមុខហើមដូចគេវៃទេ ត្រូវចៀសអាហារទាំងនេះមុនពេលជិតចូលគេង៖

១. អាហារកែច្នៃ ឬ អាហារបង្កក
យល់ថាមនុស្សភាគច្រើនពេលខ្លះមកពីធ្វើការ ឬចេញពីរៀនយឺត គ្មានពេលជ្រើសរើសម្ហូប និងចម្អិនបានត្រឹមត្រូវ ក៏ជ្រើសរើសអាហារកែច្នៃ ឬអាហារបង្កក។ វាមិនបញ្ហាទេ បើស្អែកឡើងយើងមិនមានការអ្វីចាំបាច់ ឬសំខាន់ តែបើយើងមានណាត់ ឬប្រជុំសំខាន់ ជួបជាមួយអតិថិជនជាដើមនោះ យើងអាចនឹងពិបាក ដោយសារតែបាត់បង់ទំនុកចិត្តខ្លះ ដូចនេះចៀសវាងញ៉ាំអាហារប្រភេទនេះមុនជិតចូលគេង។ ដោយសារតែអាហារកែច្នៃ ឬបង្កកមានជាតិសូដ្យូមច្រើន ព្រោះសារជាតិនេះជួយរក្សាអាហារទុកបានយូរ។
២. មីកញ្ចប់
ទោះបីជាយើងឃ្លានខ្លាំងប៉ុណ្ណាពាក់កណ្តាលយប់ យើងត្រូវតែហាមខ្លួនឯងកុំញ៉ាំពពួកមីកញ្ចប់ ឬកំប៉ុង។ ព្រោះវាជាមូលហេតុដែលធ្វើឲ្យយើងងើបឡើងមុខហើមនៅពេលព្រឹក ដោយសារតែវាមានជាតិសូដ្យូមច្រើន ហើយគ្រឿងផ្សំផ្សេងៗរបស់វា នឹងបង្កើនជាតិសូដ្យូមក្នុងខ្លួនយើងគុណនឹងពីរ។

៣. សាច់កែច្នៃ
មិនថាសាច់ក្រក ប្រហិត សាច់បីជាន់ សាចហែម ទាំងអស់នេះសុទ្ធតែជាសាច់កែច្នៃ ដែលមិនគួរញ៉ាំពេលជិតចូលគេង ព្រោះនឹងធ្វើឲ្យយើងបាត់បង់ទំនុកចិត្តពេលក្រោកមកឃើញមុខខ្លួនឯងហើម។ មិនខុសពីអាហារផ្សេងៗដែលបានរៀបរាប់ខាងលើនេះទេ ដោយសារតែវាមានផ្ទុកជាតិសូដ្យូមច្រើន ទើបពពួកអាហារទាំងនេះអាចទុកបានយូរ។
៤. នំដំឡូង និងនំកញ្ចប់
បើសិនជាមានគម្រោងមើលរឿង មុនពេលគេង ត្រូវហាមខ្លួនឯងកុំញ៉ាំនំកញ្ចប់ និងនំដំឡូងឲ្យសោះ ព្រោះវាជាតិសូដ្យូមច្រើនណាស់ គួរតែញ៉ាំជាអាហារដែលមានកាឡូរីទាបជំនួសឲ្យអាហារទាំងនេះវិញ ព្រោះវាជួយឲ្យស្រស់ស្រាយ និងសុខភាពល្អទៀត។

៥. ភេសជ្ជៈមានជាតិអាល់កុល
មិនថាកើតទុក្ខ ឬសប្បាយចិត្តទេ គួរចៀសវាងផឹកគ្រឿងស្រវឹង ដោយសារតែពេលផឹកពពួកភេសជ្ជៈទាំងនេះ វាធ្វើឲ្យរាងកាយខ្សោះជាតិទឹក។ យកល្អបើចង់ផឹក គួរតែផឹកនៅពេលយប់ថ្ងៃចុងសប្តាហ៍ ឬ សម្រាកពីការងារ។