សម័យនេះសម័យកូវីដហាស ចាំបាច់ទៅហាងធ្វើអី ចូលតែចង្ក្រានក៏បានគុយទាវទូកញ៉ាំដែរ ហាហានិយាយលេងទេ បើខ្ជិលទៅហាង សាកចូលចង្ក្រានធ្វើញ៉ាំខ្លួនឯងម្តងមើល ថាមិនត្រូវចេះធ្វើហើយ បើកលក់បានទៀតណា។ តោះមកមើលពីវិធីធ្វើ និងគ្រឿងផ្សំសិន៖

គ្រឿងផ្សំ៖
- សាច់គោ(ហាន់ចំនិតស្ដើងៗ)
- ឆ្អឹងស៊ុបគោ
- ប្រហិតសាច់គោ
- ឈាមគោស្រស់
- គុយទាវ
- សណ្ដែកបណ្ដុះ ត្រកួន ស្លឹកខ្ទឹម មើមខ្ញី ដើមយិនឆាយ
- ស្ករ អំបិល ប៊ីងចេង ទឹកត្រី ទឹកសុីអុីវ ម្រេច ថ្នាំចិន ខ្ទឹមលីង

វិធីធ្វើ៖
១. ដាំទឹកអោយពុះរួចដាក់ឆ្អឹងស៊ុបរំងាស់ ហើយដាក់ស្ករ អំបិល ប៊ីចេង ទឹកត្រី ទឹកសុីអុីវ ម្រេច ថ្នាំចិន មើមខ្ញី និងដើមយនឆាយចូលរងាស់ទាល់តែឆ្អិនចេញជាតិល្អ
២. ដាំទឹកហើយយកគុយទាវ ត្រកួន និង សណ្ដែកបណ្ដុះទៅស្រុះអោយទន់ហើយយកដាក់ចាន បន្ទាប់មកស្រុះសាច់គោ និង ប្រហិតតែកុំឆ្អិនពេក ហើយដាក់ពីលើគុយទាវនិងបន្លែ
៣. ពេលទឹកស៊ុបឆ្អិន យកឈាមគោបន្តិចចាក់ដាក់វែកសម្លហើយហើយលាយជាមួយនិងទឹកស៊ុប កាន់វែកនោះដាក់លើទឹកស៊ុបដែលក្ដៅរួចយកស្លាបព្រាកូរទាល់តែទឹកស៊ុបឡើងក្រម៉ៅសឹមយកមកដាក់ចូលចានគុយទាវ បន្ថែមខ្ទឹមលីង និងស្លឹកខ្ទឹមពីលើជាការស្រេច។
