មិនទៅណាឆ្ងាយពីវិជ្ជាមេផ្ទះទេ ជាពិសេសថ្ងៃនេះមានបញ្ហាជូនពីរបៀបធ្វើបបរលតឆ្អឹងជំនីជ្រូកឆ្ងាញ់ពិសេស មកចែករំលែកដល់ប្រិយមិត្ត បានធ្វើញ៉ាំទាំងអស់គ្នា។ ភ្លៀងហើយត្រជាក់ៗអ៊ីចឹង បើខ្ជិល ឬមិនដឹងធ្វើញ៉ាំបាន សាកមកពីបបរលតនេះញ៉ាំវិញមើល ហ៊ុតជុំគ្នា ដឹងតែឆ្ងាញ់បែកញើសជោគហ្មង។

គ្រឿងផ្សំ៖
- ឆ្អឹងជំនីជ្រូក ១ គីឡូ
- ប្រហិតសាច់គោ
- ទឹកត្រី ១ ស្លាបព្រាបាយ
- ស្ករស ១ ស្លាបព្រាបាយ
- អំបិល ១ ស្លាបព្រាកាហ្វេ
- ការ៉ុត ២ មើម កាត់ដុំៗ
- ឆៃប៉ូវ ៤ ទៅ ៥ដុំតូចៗ
- ហៃប៊ី យាហុឺ
- លត កន្លះគីឡូ
- សណ្តែកបណ្តុះ ខ្ទឹមបំពង ក្រូចឆ្មា ជីវ៉ាន់ស៊ុយ
- ម្ទេស (តាមចំណូលចិត្ត)

វិធីធ្វើ៖
១. ដំបូងយកឆ្នាំងដាក់ទឹកដាំឲ្យពុះ ដាក់ឆ្អឹងជំនីជ្រូកចូលទុកឲ្យពុះម្តងទៀត (ដួសពពុះ អណ្តែតមកលើចេញ) រួចដាក់ឆៃប៉ូវ ការ៉ុត ហៃប៊ីយាយ និងយាហុឺចូល
២. យកទឹកត្រី អំបិល ស្ករស ដាក់ចូលកូរវាបន្តិច រំងាស់ទាល់តែឆ្អឹងជំនីជ្រូករៀងផុយ រួចដាក់ប្រហិតសាច់គោចូលគ្របវាទុកប្រហែលជា ១០ នាទី បន្ទាប់មកដាក់លតចូល ពុះហើយអាចយកមកផ្សំជាមួយគ្រឿងខាងក្រៅញាំបានហើយភ្លក្សមេីលតាមចំណង់ចំនូលចិត្ត

៣. យកចានមកផ្សំគ្រឿងដំបូងដាក់ សណ្តែកបណ្តុះ រួចដួសបបរលតដាក់ពីលើ រោយជី និងខ្ទឹមបំពង ម្ទេស ក្រូចឆ្មារជាការស្រេច ញ៉ាំក្តៅៗបានឆ្ងាញ់។
ប្រភព៖ Davy Ngon