ថ្ងៃនេះ admin នឹងនាំគ្នាយើងចូលចង្ក្រានធ្វើពងទាចៀនស្អំ ជ្រលក់កាពិបុកបែបថៃ ញ៉ាំឲ្យឆ្ងាញ់មាត់ម្តង។ ព្រោះរាល់ដងធ្លាប់តែធ្វើកាពិបុកធម្មតាញ៉ាំ តែលើកនេះប្លែក មានពងទាចៀនស្អំ ទុកញ៉ាំជាមួយទៀត។ តោះកុំចាំយូរ ទៅធ្វើញ៉ាំទាំងអស់គ្នា៖

គ្រឿងផ្សំកាពិបុក៖
- កាពិ ២ ស្លាបព្រាបាយ
- បង្គាក្រៀម ២ ស្លាបព្រាបាយ
- ម្ទេស ១ ទៅ ២ ស្លាបព្រាបាយ
- ខ្ទឹមស ២ មើម
- ត្រប់ពុតញ៉ង ១ ស្លាបព្រាបាយ
- ស្ករត្នោត ១ ស្លាបព្រាបាយ
- ទឹកក្រូចឆ្មារ ១ ស្លាបព្រាបាយ
- ទឹកត្រី ១ ស្លាបព្រាបាយ
- ទឹកក្តៅឧណ្ហៗ ៣ ស្លាបព្រាបាយ
វិធីធ្វើ៖
១. ដំបូងត្រូវយកកាពិរុំក្នុងស្លឹកចេក ហើយដាក់ចូលក្នុងខ្ទះក្តៅ ដើម្បីឲ្យវាមានក្លិនឆ្ងុញ ឬអាចដាក់អាំងដោយប្រើធ្យូងក៏បានដែរ

២. បន្ទាប់ត្រូវយកបង្គាក្រៀមត្រាំទឹក ដើម្បីឲ្យវាទន់បន្តិច ទើបបុកទៅឆាប់ម៉ដ្ឋ តែមិនចាំបាច់ម៉ដ្ឋពេកទេ។ បន្ទាប់មកត្រូវដាក់ខ្ទឹមសទៅបុកជាមួយគ្នា
៣. រួចហើយដាក់ម្ទេសទៅបុកជាមួយគ្នា បន្ទាប់មកត្រូវដាក់ត្រប់ពុតញ៉ងចូលដែរ បុកឲ្យម៉ដ្ឋបន្តិច សឹមដាក់កាពិចូល ហើយបុកចូលគ្នាឲ្យសព្វ

៤. បន្ទាប់មកត្រូវដាក់ស្ករត្នោត និងទឹកក្រូចឆ្មារចូល បុកចូលគ្នាឲ្យសព្វ ជាការស្រេច។


គ្រឿងផ្សំពងទាចៀន៖
- ពងទា ៣ ទៅ ៦ គ្រាប់
- ស្អំ ១៥០ ក្រាម
- អំបិល ១ ជឹប

វិធីធ្វើ៖
១. លាយគ្រឿងចូលគ្នាឲ្យសព្វ
២. យកខ្ទះដាក់លើភ្លើង ប្រើកម្តៅល្មម។ ចាក់ពងទាចូល រួចមូលវាដូចក្នងរូប តែត្រូវយកគម្របមកគ្រប ដើម្បីឲ្យឆ្អិនទាំងសងខាង

៣. ពេលឆ្អិន គ្រាន់តែកាត់វាជាកង់ៗ ជាការស្រេច។
