អ្នកណាខ្លះធ្លាប់ញ៉ាំយ៉ាហន? ជឿថាអ្នកខ្លះប្រាកដជាធ្លាប់ញ៉ាំ ដោយឡែកអ្នកខ្លះទៀតប្រហែលជាទើបតែឮឈ្មោះម្ហូបមួយមុខនេះលើកដំបូងប៉ុណ្ណោះ។ ចង់ដឹងថារសជាតិយ៉ាងណា កុំភ្លេចធ្វើញ៉ាំជុំគ្រួសារណា។

គ្រឿងផ្សំ៖
- ឆ្អឹងគោ ១ គីឡូ
- សាច់មាន់ បង្គា សាច់គោ ម៉ឹក និងខ្យងសមុទ្រ ប្រើតាមចំណូលចិត្ត
- កន្ទុយគោ ១ គីឡូ
- អំបិលគ្រួស ១ ស្លាបព្រាបាយ
- ទឹកត្រី ២ ស្លាបព្រាបាយ
- ស្ករ ១ ស្លាបព្រាបាយ
- រំដេង ២ ដុំ
- ប្រេងឆាបន្តិច
- សាតេ ២ ស្លាបព្រាបាយ
- ខ្ទិះដូង ៣០០ មីលីលីត្រ
- សណ្តែកដីបុកហើយ ២ ស្លាបព្រាបាយ
- ខ្ទឹមសបំពងហើយ ២ ស្លាបព្រាបាយ
- ទឹកខ្មេះ ៣ ស្លាបព្រាបាយ
- បន្លែមានដូចជា តាំងហ៊ុន ស្ពៃ ផ្សិតចំប៉ើង ស្ទឹកខ្ទឹម ជីរណា ជីវ៉ាន់ស៊ុយ។

វិធីធ្វើ៖
១. លាងឆ្អឹង និងកន្ទុយគោឲ្យស្អាត រួចស្រង់ដាក់ក្នុងកញ្ច្រែងឲ្យស្រក់ទឹក
២. ដាំទឹកដាក់ឆ្នាំងធំមួយ (៦ ទៅ ៧លីត្រ) ឲ្យពុះ រួចបង់ឆ្អឹង និងកន្ទុយគោចូល ដាក់អំបិលគ្រួស ទឹកត្រី ស្ករ ចូល ហើយត្រូវរំងាស់ចោល ២ ម៉ោងកន្លះ (ប្រើភ្លើងល្មម)
៣. ដុតរំដេងឲ្យឈ្ងុយ រួចហាន់ឲ្យម៉ដ្ឋយកទៅរំលីងលើខ្ទះ ដោយដាក់ប្រេងឆា សាតេ ខ្ទិះដូង សណ្តែកដី ខ្ទឹមសបំពងរួច ស្ករ ទឹកត្រី ទឹកខ្មេះ និងដួសទឹកស៊ុបដាក់ចូល ភ្លក្សមើល រួចថែមគ្រឿងតាមចំណូលចិត្ត
៤. រៀបបន្លែ និងសាច់ ដាក់ក្នុងចានឲ្យបានស្អាត ពេលញ៉ាំត្រូវដាក់ទឹកស៊ុបលើភ្លើងឲ្យពុះតិចៗ រួចយកសាច់ទៅជ្រលក់ឲ្យឆ្អិនសឹមញ៉ាំ ជាការស្រេច។
