មនុស្សជុំវិញពិភពលោកស្រក់ទឹកភ្នែក ពេលឃើញស្ថានភាពកុមារម្នាក់នេះ

0
1048
Omran Daqneesh
Omran Daqneesh

រូបថតកុមារាម្នាក់ដែលមានការចែករំលែកយ៉ាងសំបើមនៅតាមបណ្តាញសង្គម គឺជារូបថតរបស់កុមារាជនជាតិស៊ីរីអាយុ៥ឆ្នាំ ដែលរូបគេត្រូវបានមនុស្សម្នាដាក់ងារថាជាកុមារាឡានពេទ្យ។

ស្ថានភាពរបស់កុមារាដែលមានរបួសពេញខ្លួនម្នាក់នោះ អាចឲ្យគេដឹងពីការវិវត្តន៍របស់សង្គ្រាមផ្ទៃក្នុង (សង្គ្រាមស៊ីវិល)នៅក្នុងប្រទេសស៊ីរី។

អង្គការវេជ្ជសាស្ត្រស៊ីរី-អាមេរិកបានប្រាប់មកបណ្តាញផ្សព្វផ្សាយអូស្ត្រាលីថា ក្មេងប្រុសកំសត់ខាងលើមានឈ្មោះថា Omran Daqneesh ដែលត្រូវបានគេជួយសង្គ្រោះពីការទំលាក់គ្រាប់បែកនៅអាលីប៉ូ (Aleppo) ភាគខាងជើងរបស់ប្រទេសស៊ីរីកាលពីថ្ងៃពុធ។

វេជ្ជបណ្ឌិតព្យាបាល Omranបានប្រាប់ Daily Telegraph ថា Omran ត្រូវបានគេបញ្ជូនចេញពីមន្ទីរពេទ្យក្នុងតំបន់មកជួយសង្គ្រោះនៅក្រៅប្រទេស ក្រោយយប់ថ្ងៃកើតហេតុ។

គួរបញ្ជាក់ដែរថា សង្គ្រាមផ្ទៃក្នុងនៅប្រទេសស៊ីរីបានឆក់យកជីរិតមនុស្សរាប់សែននាក់រួមទាំង ជីវិតកុមារមិនដឹងអីជាច្រើន។

Omran Daqneesh

បើនិយាយពីស្ថានភាពក្នុងតំបន់អាលីប៉ូ (Aleppo) ដែលជាភាគខាងជើងប្រទេសស៊ីរីវិញ យើងដឹងថាតំបន់នេះបានទទួលរងគ្រោះអស់រយៈពេលប្រាំឆ្នាំហើយតាំងពីចាប់ផ្តើមសង្គ្រាមដំបូង។ យោងតាមគណៈកម្មាការឯករាជ្យអន្តរជាតិសម្រាប់ការស៊ើបអង្កេតលើសារធារណៈរដ្ឋស៊ីរី បានឲ្យដឹងថា មន្ទីរសុខភាពយ៉ាងតិចណាស់២៥កន្លែងនៅក្នុងតំបន់អាលីប៉ូ (Aleppo) ត្រូវបាន ខូចខាតពីសង្គ្រាមក្នុងមួយឆ្នាំចុងក្រោយនេះ។

គណៈកម្មាការខាងលើបានបន្តថា ការទទួលយកសេវាព្យាបាលនៅតំបន់នោះភាគច្រើនមិនអាចទៅរួចទេ។ ជាមួយគ្នានេះដែរ ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា បានអំពាវនាវជំរុញឲ្យមានការលូកដៃចូលពីសំណាក់អន្តរជាតិឲ្យបានមុនពេលប្រជាជនក្នុងប្រទេសទាំងមូលស្លាប់បាត់បង់ជីវិត។ ប្រជាជននៅក្នុងប្រទេសស៊ីរីប្រាប់ថា ខ្លួនមិនត្រូវការការអាណិតអាសូរឬការបន់សុំឲ្យមានសន្តិភាពនោះទេ តែខ្លួនត្រូវការការជួយសង្គ្រោះជាបន្ទាន់។

ប្រភព៖ www.huffingtonpost.com