ជ្រក់ឆៃប៉ូវ រូបមន្តពិសេស ធ្វើទុកញ៉ាំជាមួយបបរស ពេលព្រឹកក៏បាន ញ៉ាំជាមួយពោតស្ងោររឹតតែឆ្ងាញ់ បើបានបាយក្តៅៗ ទៀតមិនបាច់និយាយ។ ម៉ោះរៀនធ្វើទុកញ៉ាំខ្លួនឯងនៅផ្ទះ សល់លុយបាយព្រឹក ដាំតែបបរមួយឆ្នាំងមករួចមួយពេលហើយ។
គ្រឿងផ្សំ៖
- ឆៃប៉ូវប្រៃ កន្លះគីឡូ
- ខ្ទឹមក្រហម ១០០ក្រាមហាន់តូចៗ
- ខ្ទឹមស ១០០ក្រាមហាន់តូចៗ
- ម្ទេសហាន់ (ដាក់តាមចំណូលចិត្ត)
- ស្ករស ១៥០ក្រាម
- ទឹកក្រូចឆ្មារ ៥ស្លាបព្រាបាយ។
វិធីធ្វើ៖
១. យកឆៃប៉ូវលាងទឹកអោយស្អាត ហាន់ជាសរសៃតូចៗល្មម រួចដាក់ត្រាំទឹកប្រហែល ១ម៉ោង ហើយស្រង់ចេញទុកអោយស្ងួតទឹក
២. បន្ទាប់មកយកឆៃប៉ូវលាយជាមួយខ្ទឹមក្រហម ខ្ទឹមស ម្ទេស ទឹកក្រូចឆ្មារ និងស្ករស ច្របល់ចូលគ្នាអោយសព្វ ភ្លក្សរសជាតិល្មមតាមចំណង់ចំណូលចិត្ត ជាការស្រេច។ ទុកក្នុងទូរទឹកកកញ៉ាំបានយូរ ហើយស្រួយឆ្ងាញ់។ បើប្រើឆៃប៉ូវផ្អែម បន្ថយស្ករស និងដាក់ទឹកត្រីបន្តិច៕