តែទឹកកកគល់ស្លឹកគ្រៃ ដាក់ចាហួយស្លឹកតយ ស្រួលធ្វើ ញ៉ាំទៅជួយឲ្យអារម្មណ៍ស្រស់ស្រាយ

ផឹក​ហើយអារម្មណ៍ស្រស់ស្រាយ ថ្ងៃទេវតាចុះ

0
1998

ស្លឹក​គ្រៃ​ជា​ក្លិន​មួយ​ដែល​គេ​និយម​ប្រើ​នៅ​កន្លែង​ស៉្បា​ ម៉ាស្សា​ជា​ដើម​ ព្រោះ​វា​ជួយ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ​ និង​ជួយ​រំសាយ​ស្ត្រេស​បាន​។​ ស្លឹក​តយ​វិញ​មាន​ក្លិន​ឈ្ងុយ​ គេ​ចូល​ចិត្ត​ប្រើ​វា​ដាក់​ជា​មួយ​បង្អែម​ផ្សេង​ៗ​ ព្រោះ​ជួយ​ធ្វើ​ឲ្យ​មាន​ក្លិន​កាន់​តែ​ល្អ​។​ អ៊ីចឹង​ថ្ងៃ​ហ្នឹង​សាក​មក​ធ្វើ​តែ​ទឹកក​គល់​ស្លឹក​គ្រៃ​ ដាក់​ចាហួយ​ស្លឹក​តយ​ញ៉ាំ​ម្តង​មើល​ ធានា​ថា​ញ៉ាំ​ហើយ​អារម្មណ៍​មិន​ខាន​។​

គ្រឿង​ផ្សំ​៖​

សម្រាប់​តែ៖

  • ស្លឹក​តយ​ ៥ ទៅ ៦ សន្លឹក (ត្រូវ​លាង​សម្អាត​ឲ្យ​បាន​ស្អាត)
  • គល់​ស្លឹក​គ្រៃ​ ២ គល់
  • ទឹក​ ១ លីត្រ​កន្លះ
  • ស្ករ​ ឬ​ទឹក​ស្ករ​ តាម​ចំណូល​ចិត្ត​

សម្រាប់​ចាហួយ៖

  • ស្លឹក​តយ​ ៦ សន្លឹក
  • ទឹក​ ជិត​ ១ កែវ
  • ម្សៅ​ចាហួយ​ ១ ស្លាប​ព្រា​កាហ្វេ​កន្លះ
  • ស្ករ​ ៣ ទៅ ៤ ស្លាប​ព្រា​បាយ

វិធី​ធ្វើ៖​

តែ៖

១. ដាក់​ទឹក​ដាំ​ក្នុង​ឆ្នាំង​ បើក​ភ្លើង​ឲ្យ​ក្តៅ

២. កួច​ស្លឹក​តយ​ម្តង​មួយ​សន្លឹក​ៗ​ឲ្យ​ជាប់​ ដាក់​ចូល​ក្នុង​ឆ្នាំង​។​ ដំ​គល់​ស្លឹក​គ្រៃ​ឲ្យ​បែក​តិច​ៗ​ រួច​កាត់​ខ្លី​ៗ​ដាក់​ចូល​ក្នុង​ឆ្នាំង​ដែរ

៣. ដាំ​រហូត​ដល់​ពុះ​ ប្រហែល​១៥ ទៅ ២០​នាទី​។​ ទឹក​នឹង​ចេញ​ពណ៌​បៃតង​បន្តិច​ និង​ក្លិន​ប្រហើរ​របស់​ស្លឹក​តយ​ និង​គល់​ស្លឹក​គ្រៃ

៤. ដាក់​ស្ករ​ចូល​ក៏​បាន​ ឬ​ទុក​​វា​ចោល​ ហើយ​ចាំ​ដាក់​ទឹក​ស្ករ​ចូល​ពេល​ក្រោយ​ក៏​បាន​។

ចាហួយ​៖

១. កាត់​ស្លឹក​តយ​ខ្លី​ៗ​ ដាក់​ចូល​ក្នុង​ម៉ាស៊ីន​កិន​ រួច​ចាក់​ទឹក​ចូល​ ហើយ​កិន​ឲ្យ​ម៉ដ្ឋ​ រួច​ត្រង​យក​កាក​ចេញ​

២. រួច​ចាក់​ម្សៅ​ចាហួយ​ចូល​ រួច​ដាក់​កូរ​លើ​ភ្លើង​រហូត​ដល់​វា​ពុះ​ សឹម​បិទ​ភ្លើង​ រួច​លើក​ចុះ​

៣. ចាក់​ទឹក​ចាហួយ​ចូល​ក្នុង​ថាស​ ទុក​ឲ្យ​ត្រជាក់​

៤. ពេល​ក្លាយ​ជា​ចាហួយ​ហើយ​ អាច​យក​មក​កាត់​ជា​រាង​ជ្រុង​តូច​ៗ (តូច​ជាង​បំពង​ប៊ឺត)

តែ​មាន​ហើយ​ ចាហួយ​ក៏​ធ្វើ​ហើយ​ដែរ​ យើង​ចាក់​តែ​ចូល​កែវ (មិន​ចាំ​បាច់​ទុក​ដល់​ត្រជាក់​ទេ) រួច​ដាក់​ទឹក​ស្ករ​ចូល​ (បើ​មិន​ទាន់​ដាក់​ស្ករ) តាម​ចំណូល​ចិត្ត​ បន្ទាប់​មក​ដាក់​ចាហួយ​ចូល​ រួច​ដាក់​ទឹកកក​ចូល​បន្ថែម​ យើង​នឹង​ទទួល​បាន​តែ​ទឹកកក​គល់​ស្លឹក​គ្រៃ​ ចាហួយ​ស្លឹក​តយ​មួយ​កែវ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ ញ៉ាំ​ហើយ​ស្រស់​ស្រាយ​ក្នុង​ចិត្ត​ និង​ស្រឡះ​ក្បាល​តែ​ម្តង​។​​