តិចនិកធ្វើតែទឹកដោះគោរសជាតិបែបថៃឆ្ងាញ់ ផឹកហើយចាប់មាត់ជីបៗ

រៀនធ្វើតែទឹកដោះគោបែបថៃញ៉ាំនៅផ្ទះ

0
5707

ថៃ​មាន​ភេសជ្ជៈ​ដែល​គ្មាន​ជាតិ​អាកុល​ឆ្ងាញ់​ៗ​ជា​ច្រើន​ ហើយ​តែ​ទឹក​ដោះ​គោ​ជា​ភេសជ្ជៈ​មួយ​ក្នុង​ចំណោម​ភេសជ្ជៈ​ឆ្ងាញ់​ៗ​ទាំង​នោះ​។​ គ្នា​យើង​ប្រហែល​ជា​ធ្លាប់​ផឹក​​ភេសជ្ជៈ​ដែល​មាន​រសជាតិ​ស្រដៀង​គ្នា​នេះ​ហើយ​ តែ​គិត​ដូច​ Admin អត់​ពេល​ទិញ​គេ​ភាគ​ច្រើន​គេ​ធ្វើ​ផ្អែម​ៗ​ពេក​ ទោះ​យើង​ប្រាប់​ថា​អត់​យក​ផ្អែម​ក៏​ដោយ​។​ ពិបាក​ទិញ​គេ​មិន​ត្រូវ​ចិត្ត​ សាក​មក​រៀន​ធ្វើ​ខ្លួន​ឯង​វិញ​មើល​ វិធី​ធ្វើ​ងាយ​ៗ​ទេ​ គ្រឿង​ផ្សំ​សុទ្ធ​តែ​ស្រួល​រក​ទិញ​ទៀត​៖

គ្រឿង​ផ្សំ​៖​

  • តែ​ ៣ ស្លាប​ព្រា​បាយ​ (ទិញតែថៃ ម៉ាកអីក៏បាន)
  • ទឹក​ក្តៅ​ដាំ​ពុះ​ ១ កែវ
  • ទឹក​ដោះ​គោ​ខាប់​ ១ ស្លាប​ព្រា​បាយ​កន្លះ
  • ស្ករ​ ២ ទៅ ៣ ស្លាប​ព្រា​កាហ្វ
  • អំបិល​ ១ ជឹប
  • ទឹក​ដោះ​គោ​ស្រស់​ ១ ទៅ ២ ស្លាប​ព្រា​បាយ
  • ទឹក​កក​

វិធី​ធ្វើ​៖​

១. ដំបូង​យើង​ត្រូវ​យក​តែ​ឆុង​ជា​មួយ​ទឹក​ក្តៅ​ ៣ ទៅ​ ៥ នាទី​។​ យើង​អាច​យក​តែ​ដាក់​ក្នុង​កន្ត្រង​កំណាត់​ រួច​ដាក់​ចូល​ក្នុង​ទឹក​ក្តៅ​ ឬ​អាច​យក​តែ​ដាក់​ក្នុង​កែវ​ទឹក​ក្តៅ​តែ​ម្តង​ រួច​ត្រង់​យក​ស្លឹក​តែ​ចេញ​។

២. ចាក់​តែ​ចូល​ក្នុង​កែវ​ ដាក់​ទឹក​ដោះ​គោ​ខាប់​ចូល​ ស្ករ​ និង​ អំបិល​ មួយ​ជឹប​ រួច​កូរ​ឲ្យ​សព្វ​។

៣. បន្ទាប់​មក​ត្រូវ​យក​វា​ទៅ​ចាក់​ចូល​ក្នុង​កែវ​ទឹក​កក​ តែ​កុំ​ចាក់​ពេញ​ពេក​។

៤. ចាក់​ទឹក​ដោះ​គោ​ស្រស់​ចូល​ថែម​ពី​លើ​ជា​ការ​ស្រេច​ តែ​ដោះ​គោ​បែប​ថៃ​របស់​យើង​រួច​រាល់​ហើយ​ អាច​ភ្លក្ស​មើល​សិន​ បើ​ចូល​ចិត្ត​ផ្អែម​អាច​បន្ថែម​ស្ករ​តាម​ចំណូល​ចិត្ត​បាន​។

*បញ្ជាក់​៖ បើ​យើង​ចង់​ឆុង​តែ​ទុក​ យើង​គួរ​តែ​ដាក់​ទឹក​បន្ថែម​ ព្រោះ​ទឹក​តែ​ត្រជាក់​លាយ​ជា​មួយ​ទឹក​កក​ នឹង​មិន​ធ្វើ​ឲ្យ​ទឹកកក​រលាយ​ដូច​តែ​ក្តៅ​ទេ​ វា​អាច​នឹង​មាន​រសជាតិ​តែ​ក្រាស់​ ហើយ​ផ្អែម។​ តែ​យើង​នៅ​តែ​អាច​កែ​ប្រែ​រសជាតិ​ទៅ​តាម​ហ្នឹង​បាន​៕