ថៃមានភេសជ្ជៈដែលគ្មានជាតិអាកុលឆ្ងាញ់ៗជាច្រើន ហើយតែទឹកដោះគោជាភេសជ្ជៈមួយក្នុងចំណោមភេសជ្ជៈឆ្ងាញ់ៗទាំងនោះ។ គ្នាយើងប្រហែលជាធ្លាប់ផឹកភេសជ្ជៈដែលមានរសជាតិស្រដៀងគ្នានេះហើយ តែគិតដូច Admin អត់ពេលទិញគេភាគច្រើនគេធ្វើផ្អែមៗពេក ទោះយើងប្រាប់ថាអត់យកផ្អែមក៏ដោយ។ ពិបាកទិញគេមិនត្រូវចិត្ត សាកមករៀនធ្វើខ្លួនឯងវិញមើល វិធីធ្វើងាយៗទេ គ្រឿងផ្សំសុទ្ធតែស្រួលរកទិញទៀត៖

គ្រឿងផ្សំ៖
- តែ ៣ ស្លាបព្រាបាយ (ទិញតែថៃ ម៉ាកអីក៏បាន)
- ទឹកក្តៅដាំពុះ ១ កែវ
- ទឹកដោះគោខាប់ ១ ស្លាបព្រាបាយកន្លះ
- ស្ករ ២ ទៅ ៣ ស្លាបព្រាកាហ្វ
- អំបិល ១ ជឹប
- ទឹកដោះគោស្រស់ ១ ទៅ ២ ស្លាបព្រាបាយ
- ទឹកកក
វិធីធ្វើ៖
១. ដំបូងយើងត្រូវយកតែឆុងជាមួយទឹកក្តៅ ៣ ទៅ ៥ នាទី។ យើងអាចយកតែដាក់ក្នុងកន្ត្រងកំណាត់ រួចដាក់ចូលក្នុងទឹកក្តៅ ឬអាចយកតែដាក់ក្នុងកែវទឹកក្តៅតែម្តង រួចត្រង់យកស្លឹកតែចេញ។

២. ចាក់តែចូលក្នុងកែវ ដាក់ទឹកដោះគោខាប់ចូល ស្ករ និង អំបិល មួយជឹប រួចកូរឲ្យសព្វ។


៣. បន្ទាប់មកត្រូវយកវាទៅចាក់ចូលក្នុងកែវទឹកកក តែកុំចាក់ពេញពេក។

៤. ចាក់ទឹកដោះគោស្រស់ចូលថែមពីលើជាការស្រេច តែដោះគោបែបថៃរបស់យើងរួចរាល់ហើយ អាចភ្លក្សមើលសិន បើចូលចិត្តផ្អែមអាចបន្ថែមស្ករតាមចំណូលចិត្តបាន។

*បញ្ជាក់៖ បើយើងចង់ឆុងតែទុក យើងគួរតែដាក់ទឹកបន្ថែម ព្រោះទឹកតែត្រជាក់លាយជាមួយទឹកកក នឹងមិនធ្វើឲ្យទឹកកករលាយដូចតែក្តៅទេ វាអាចនឹងមានរសជាតិតែក្រាស់ ហើយផ្អែម។ តែយើងនៅតែអាចកែប្រែរសជាតិទៅតាមហ្នឹងបាន៕