មួយថ្ងៃៗអង្គុយរកនឹកតែមុខម្ហូបឲ្យតែដល់ពេលបាយ ព្រោះមិនដឹងធ្វើអីញ៉ាំ។ អ៊ីចឹងថ្ងៃហ្នឹងសាកមកធ្វើមឹកបំពងញាត់សាច់ជ្រូកញ៉ាំឲ្យប្លែកមាត់ម្តងមើល។ ធ្វើញ៉ាំបាយថ្ងៃក៏បាន ល្ងាចក៏បាន ឃើញម្ហូបមួយមុខនេះដឹងតែអ្នកផ្ទះញញឹមស្ងួតជើងធ្មេញហើយ។ ចាំ Admin ប្រាប់ពីគ្រឿងផ្សំ និងវិធីធ្វើ៖

គ្រឿងផ្សំ៖
- មឹកស្រស់
- សាច់ជ្រូក
- គល់ជីរវ៉ាន់ស៊ុយ
- ស្លឹកខ្ទឹម
- ខ្ទឹមស
- ទឹកស៊ីអ៊ីវ
- ប្រេងខ្យង
- ស្ករស
- ម្រេច
- ម្សៅស៊ុប
- ប្រេងឆា



វិធីធ្វើ៖
១. យកមឹកលាង និងយកអាចម៍ចេញឲ្យស្អាត ដាក់ក្នុងកញ្ច្រែង ទុកឲ្យស្រក់ទឹក
២. យកសាច់ជ្រូកលាងឲ្យស្អាត រួចចិញ្ច្រាំ បុកគល់ជីរវ៉ាន់ស៊ុយឲ្យម៉ដ្ឋ កាត់ស្លឹកខ្ទឹមខ្លីៗ និងខ្ទឹមសចិញ្ច្រាំឲ្យម៉ដ្ឋ
៣. យកសាច់ជ្រូកចិញ្ច្រាំ គល់ជីរវ៉ាន់ស៊ុយ ខ្ទឹមស ស្លឹកខ្ទឹម ទឹកស៊ីអ៊ីវ ស្ករស ប្រេងខ្យង ម្សៅស៊ុប និងម្រេច លាយចូលគ្នា ច្របល់ឲ្យសព្វល្អ
៤. ពេលលាយចូលគ្នាហើយ សឹមយកទៅញាត់ក្នុងមឹកឲ្យណែនល្មម រួចយកឈើចាក់ធ្មេញខ្ទាស់មុខវា ដើម្បីកុំស្នូលធ្លាយចេញក្រៅ
៤. យកខ្ទះដាក់ប្រេងឆា ទុកលើចង្ក្រានឲ្យក្តៅបន្តិច រួចយកខ្ទឹមស បំពងឲ្យឈ្ងុយ និងក្រហមល្អ ដួសដាក់ចាន់ទុកមួយឡែក
៥. យកមឹកដាក់បំពងក្នុងប្រេងដែលក្តៅស្រាប់ ទុកឲ្យឆ្អិនល្អ សឹមយកដាក់ចាន ហើយហាន់ជាចំណិតៗ រួចរោយខ្ទឹមបំពងពីលើជាការស្រេច។

