មើមដំឡូងបារាំងមានសារជាតិចិញ្ចឹមល្អៗច្រើនចំពោះសុខភាព ក្រៅពីយកមកធ្វើជាអាហារញ៉ាំឆ្ងាញ់ៗ ដឹងអត់គេ អាចយកវាទៅធ្វើអីបានទេ? ធានាថាភ្ញាក់ផ្អើលខ្លាំងមិនខានពេលបានដឹងហើយ។
កែខៃម្ហូបប្រៃជ្រុល
យកដំឡូងមកកែច្នៃម្ហូបដែលប្រៃជ្រុល ប្រហែលជាមានមនុស្សមិនច្រើនទេបានដឹង។ ពេលណាយើងជ្រុលដៃដាក់អំបិលច្រើនចូលក្នុងអាហារកំពុងចម្អិន យើងគ្រាន់តែកាត់ដំឡូងជាដុំធំៗ រួចដាក់ចូលក្នុងឆ្នាំងសម្ល ឬឆា ចោលប្រហែល ១៥ ទៅ ២០ នាទី បន្ទាប់មកយកវាចេញ។ ដំឡូងនឹងស្រូបយកជាតិប្រៃ ធ្វើឲ្យម្ហូបលែងសូវប្រៃ។

កម្ចាត់ស្នាមប្រឡាក់លើសំលៀកបំពាក់
ស្នាមប្រឡាក់នៅជាប់សំលៀកបំពាក់ នឹងធ្វើឲ្យមើលទៅឃើញសំលៀកបំពាក់អ្នកចាស់ មិនស្អាត។ ដើម្បីកម្ចាត់ស្នាមប្រឡាក់នេះ យើងគ្រាន់តែចិតដំឡូងបារាំងជាបន្ទះដាក់ស្ងោរ ហើយយកទៅជូតនៅកន្លែងប្រឡាក់ ទុកចោល ១០ នាទី ហើយលាងជាមួយទឹកស្អាតចេញ និងទៅហាលឲ្យស្ងួតជាកាស្រេច ឬយើងអាចយកដំឡូងស្រស់ជូតលើស្នាមប្រឡាក់ មុនពេលយកបោកជាមួយសាប៊ូក៏បានដែរ។

កាត់បន្ថយខ្លាញ់ពេលចៀនសាច់
ម្ហូបចៀនគឺមានរសជាតិឆ្ងាញ់ណាស់ តែវាមិនសូវល្អចំពោះសុខភាព។ ដូចនេះពេលធ្វើម្ហូបណាចៀនដោយប្រើសាច់ខ្លាញ់ច្រើន កុំភ្លេចចិតដំឡូងបារាំងដាក់ ដើម្បីកាត់បន្ថយជាតិខ្លាញ់នៅជាប់ខ្ទះ ដែលជាខ្លាញ់មិនល្អចំពោះសុខភាព ព្រោះវាអាចស្រូបយកជាតិខ្លាញ់ទាំងនោះបាន។

សម្អាតសម្ភារៈក្នុងផ្ទះបាយ
ផ្ទះបាយជាកន្លែងមានស្នាមប្រឡាក់ច្រើន ដោយសារខ្លាញ់ ដែលខ្ទាត់ពេលធ្វើម្ហូប បើមិនសម្អាតឲ្យបានត្រឹមត្រូវនឹងមានក្លិនមិនល្អ និងក្លាយជាកន្លែងគ្មានអនាម័យ។ ដូចនេះយើងគួរតែយកសម្ភារៈប្រើប្រចាំក្នុងផ្ទះបាយត្រាំក្នុងទឹកក្តៅឧណ្ហៗមួយស្របក់ បន្ទាប់មកកាត់ដំឡូងពាក់កណ្តាល យកទៅជ្រលក់ជាមួយអំបិលម៉ដ្ឋ រួចយកជូតលើផ្ទៃរបស់សម្ភារៈដូចជាឆ្នាំង ខ្ទះ ជាដើមរហូតដល់ជ្រះស្អាត បន្ទាប់មកលាងជាមួយសាប៊ូចេញ សម្ភារៈទាំងនោះនឹងភ្លឺស្អាតដូចរបស់ថ្មី។
