ចូលឆ្នាំលើកនេះទៅមិនបានទៅណា តែគួរឆ្លៀតពេលធ្វើអាហារឆ្ងាញ់ៗញ៉ាំជុំគ្នានៅផ្ទះជាមួយបងប្អូន ដើម្បីកុំឲ្យស្ងាត់ពេក។ បង្អែមពងមាន់នំអ៊ី ជាបង្អែមទំនងបំផុតសម្រាប់ធ្វើញ៉ាំជុំគ្នា យកទៅចែកអ្នកផ្សេងញ៉ាំក៏បានដែរ។ តោះរៀនធ្វើទាំងអស់គ្នា៖

គ្រឿងផ្សំ៖
- ម្សៅដំណើប ៥០០ ក្រាម
- ទឹក ៦ កែវ
- ខ្ទិះដូង ៣០០ មីលីលីត្រ
- ស្ករស ១ កូនកែវ
- អំបិល ១ ចុងស្លាបព្រាកាហ្វេ
- ម្សៅឆា ១ ស្លាបព្រាបាយ (ដាក់ក៏បានអត់ក៏បាន)
- ពងមាន់ ១០ គ្រាប់
- ខ្ញី ៥ ជំនិត ដាក់ក៏បាន មិនដាក់ក៏បានតាមចំណូលចិត្ត
វិធីធ្វើ៖
១. ដំបូងលាយម្សៅដំណើបជាមួយទឹកល្មម រួច លុញជារាងមូលតូចៗ ក្រោយមកដាក់ស្ងោរនំអ៊ីឲ្យឆ្អិន
២. ក្រោយមកដាំទឹកឲ្យពុះ ដាក់ខ្ញី ៥ ជំនិត ស្ករស អំបិលចូលបន្តិច ហើយត្រូវបន្ថយភ្លើងបន្តិចសិន

៣. គោះពងមាន់ដាក់ក្នុងទឹកស្ករទាំងអស់ក៏បាន ឬ គោះពងមាន់ដាក់ចានស្រង់ពងក្រហមចេញពីផ្នែកស
៤. បន្ទាប់មកយកស៊ុតស ដាក់ចូលក្នុងឆ្នាំងទឹកស្ករ កូរបំបែកឲ្យឡើងជាសរសៃៗ រួចចាក់ចូលឆ្នាំងទឹកស្ករ កូរឲ្យឡើងខាប់។

៥. ចាប់ផ្តើមចាក់ស៊ុតក្រហមចូលឆ្នាំងទាំងមូល រួចបិទភ្លើង ក្រោយមកដាក់ នំអ៊ីចូល យកខ្ទិះដូងដាំឲ្យពុះ ដាក់អំបិលបន្តិច ដាំឆ្អិនលើកចុះ ដួសបង្អែមដាក់ចាន រួចដាក់ខ្ទិះដូងពីលើជាការស្រេច។

ប្រភព៖ រសជាតិ Tasteful