អ្នកណាខ្លះញៀនកាហ្វេរាល់ព្រឹក? អ្នកចូលមើលហ្នឹងដឹងតែចូលចិត្តកាហ្វេហើយបានចូលមើលមែនអត់? គេឲ្យនៅតែផ្ទះអ៊ីចឹង ចង់ទៅទិញកាហ្វេជិតៗផ្ទះផឹកក៏ពិបាក បើកុម្ម៉ង់ពីហាងមកញ៉ាំរាល់ថ្ងៃវាចុះលុយដែរ អ៊ីចឹងមានតែរៀនធ្វើខ្លួនឯងទេសល់លុយ ហើយមានសុវត្ថិភាពជាង។ តោះសាករៀនធ្វើកាហ្វេទឹកកកបែបថៃផឹកទាំងអស់គ្នា៖

របស់ត្រូវការ៖
- កាហ្វេកិនហើយ ៣ ស្លាបព្រាកាហ្វេ (ប្រើកាហ្វេម៉ាកអីក៏បាន)
- ទឹកក្តៅដាំពុះ ជិត ១ កែវ
- ទឹកដោះគោខាប់ ២ ស្លាបព្រាកាហ្វេ
- ស្ករស ២ ស្លាបព្រាកាហ្វេ
- អំបិល ១ ជឹប
- ទឹកកកក ១កែវ
- ទឹកដោះគោស្រស់ ២ ឬ ៣ ស្លាបព្រាកាហ្វេ

វិធីធ្វី៖
១. ដួសកាហ្វេដាក់ចូលក្នុងកំណាត់សម្រាប់ឆុងកាហ្វេ រួចចាក់ទឹកក្តៅចូល រងចាំ ៣ ទៅ ៥ នាទី

២. យកកែវមួយចាក់ទឹកដោះគោខាប់ ស្ករ និងអំបិលចូល។ ពេលកាហ្វេចេញជាតិហើយ ចាក់វាចូលក្នុងកែវទឹកដោះគោ បន្ទាប់មកកូរឲ្យសព្វ។ អាចភ្លក្សមើលសិន ក្រែងយើងចង់បន្ថែមស្ករ ឬអំបិលតាមចំណូលចិត្តបន្ថែមទៀត

៣. រួចរាល់ហើយ អាចចាក់កាហ្វេចូលក្នុងកែវទឹកកក រួចស្រោចដោះគោស្រស់ពីលើជាការស្រេច។ យើងនឹងទទួលបានកាហ្វេមួយកែវដ៏ឈ្ងុយឆ្ងាញ់។

