ក្នុងរដូវក្តៅ រាងកាយយើងនឹងខ្វះជាតិទឹក ហើយរាងកាយក៏ឡើងកម្តៅដែរ។ ពេលក្តៅ ហើយអស់កម្លាំង យើងច្បាស់ជាចង់ញ៉ាំអ្វីដែលជួយកាត់បន្ថយកម្តៅបានខ្លះ បើយោងតាមអ្នកជំនាញអាហារូបត្ថម្ភ អាហារទាំងនេះគួរតែញ៉ាំឲ្យមានកម្រិតពេលមេឃក្តៅខ្លាំង ដើម្បីចៀសវាងគ្រោះថ្នាក់ដល់សុខភាព៖
ការ៉េម
គ្នាយើងភាគច្រើនគិតថាមេឃក្តៅ បើបានញ៉ាំការ៉េមត្រជាក់ៗ ច្បាស់ជាឆ្ងាញ់ ហើយស្រួលខ្លួនមិនខាន។ តែតាមពិតទៅការ៉េមនឹងធ្វើឲ្យសរសៃឈាមក្នុងបំពងកតឹង អាចធ្វើឲ្យពិបាកដកដង្ហើម។ ទាំងការ៉េម និងភេសជ្ជៈត្រជាក់ៗ ជាអាហារដែលធ្វើឲ្យរាងកាយកើនកម្តៅ វាអាចធ្វើឲ្យយើងមានអារម្មណ៍ថាក្តៅក្នុងពោះ ខុសពីការគិតរបស់យើង។

ផ្លែស្វាយ
ស្វាយជាផ្លែឈើដែលមានសារប្រយោជន៍ច្រើនចំពោះសុខភាព និងសម្រស់។ តែបើយើងញ៉ាំវាច្រើនពេកពេលមេឃក្តៅខ្លាំង រាងកាយយើងនឹងកាន់តែក្តៅ ហើយអាចបណ្តាលឲ្យកើតមុនបាន។

អាហារ Fast Food
ជីវិតប្រចាំថ្ងៃម្នាក់ៗគឺច្បាស់ជារវល់ណាស់ ដូច្នេះហើយទើប fast food ជាជម្រើសសម្រាប់មនុស្សភាគច្រើន។ តែបើយើងញ៉ាំអាហារប្រភេទនេះមានខ្លាញ់ច្រើន ដែលធ្វើឲ្យប៉ះពាល់ដល់ពោះវៀន ធ្វើឲ្យការស្រូបយកជាតិទឹក និងសារធាតុចិញ្ចឹមចុះខ្សោយ។ ក្រៅពីនេះ អ្នកជំនាញខាងអាហារូបត្ថម្ភអះអាងថា ញ៉ាំខ្លាញ់ច្រើនពេលមេឃក្តៅ ងាយធ្វើឲ្យឈឺពោះ រាក ពិបាករំលាយអាហារ ជាដើម។

សាច់គោ
សាច់គោត្រូវបានគេស្គាល់ថាជាអាហារដែលសម្បូរសារធាតុចិញ្ចឹមច្រើន ជាពិសេសសម្បូរប្រូតេអ៊ីន។ តែអាហារដែលមានជាតិប្រូតេអ៊ីន និងខ្លាញ់ច្រើន អាចធ្វើឲ្យរាងកាយកើនកម្តៅនៅពេលរំលាយ។ ដូចនេះយកល្អគួរចៀសវាងញ៉ាំអាហារប្រភេទនេះ ពេលមេឃក្តៅ។

សាច់អាំង
ជាមួយនឹងរសជាតិឆ្ងាញ់ អាហារអាំងធ្វើឲ្យយើងទប់អារម្មណ៍មិនបានទេ។ តែយើងគួរតែដឹងថា ពពួកអាហារទាំងនេះសម្បូរដោយខ្លាញ់ និងជាតិកូលេស្តូរ៉ុលមិនល្អ និងធ្វើឲ្យមានការរលាកក្នុងរាងកាយ។ លើសពីនេះ វាបង្កើនអាស៊ីត និងធ្វើឲ្យពិបាករំលាយបើញ៉ាំពេលមេឃក្តៅខ្លាំង។