សូម្បីតែពងទាប្រៃក៏មានរូបមន្តពិសេសដែរ តែកុំច្រលំមិនមែនធ្វើមកពីសេះទេ។ ចង់ដឹងថាពិសេសម៉េចខ្លះ រសជាតិខុសគ្នាពីពងទាប្រៃម៉េចខ្លះ មកមើលវិធីធ្វើ ហើយ ភ្លក្សទាំងអស់គ្នា៖

គ្រឿងផ្សំ៖
- ពងទា
- មើមខ្ទឹមស
- ស្លឹកក្រូចសើច
- រំដេង
- គល់ស្លឹកគ្រៃ
- ផ្លែក្រូចឆ្មារ និងម្ទេសទុំ

វិធីធ្វើ៖
១. ជាដំបូងយើងត្រូវលាងសម្អាតពងថ្នមៗ ប្រយ័ត្នបែកដោយប្រើដែកដុសឆ្នាំងដើម្បីអោយវាសឹកសម្បកពងទាខ្លះៗងាយស្រួលក្នុងការជ្រាបចូលនៃរសជាតិពេលដែលយើងដាក់ត្រាំក្នុងក្រឡ
២. បន្ទាប់មកយើងត្រូវលាងសម្អាតដោយទឹកស្អាតចំនួនពីរដងទៀត រួចស្រង់ដាក់ក្នុងកញ្រ្ចែងអោយស្រស់ទឹក

៣. រួចហើយយើងត្រូវត្រៀមគ្រឿងផ្សំជាឱសថបុរាណទាំងនេះ មានដូចជា មើមខ្ទឹមសដំតិចៗ ស្លឹកក្រូចសើច រំដេង គល់ស្លឹកគ្រៃ ក្រូចឆ្មារ និងម្ទេសទុំ លាងសម្អាតអោយស្អាតនិងហាន់ដូចក្នុងរូបភាព ទុកប្រើការ
*រូមបន្តទឹកអំបិល គឺទឹក ៤ ចាន អំបិល ១ ចាន ( អំបិលយើងត្រូវប្រើអំបិលគ្រួសធម្មជាតិរបស់យើង កុំប្រើអំបិលអ៊ីយ៉ូតកញ្ចប់ព្រោះវាប្រៃខ្លាំងពេក )លាយបញ្ចូលគ្នាកូរសព្វ អោយរលាយអំបិល រួចត្រងចម្រោះដោយស្បៃឬកន្រ្តង់យកតែទឹកថ្លាៗ កុំអោយដោយកំទេចកំទីកខ្វក់ក្នុងអំបិលនោះ ។ ប៉ុន្តែបើយើងចង់ត្រាំស៊ុតច្រើន យើងគួរដាក់់បន្ថែមរូបមន្តតាមហ្នឹងអោយសមល្មមនៅពេលដែលយើងត្រាំអាចលិចស៊ុតទៅក្រោមអស់ ។

៤. យកល្បាយរូបមន្តទឹកអំបិលខាងលើដែលយើងលាយរួចត្រង់ចំរោះអោយស្អាតដោយប្រើស្បៃ ( សម្អាតដីក្នុងអំបិល ) រួចចាក់ដាក់ចូលទៅក្នុងឆ្នាំង ដាក់ភ្លើងដាំរង់ចាំអោយពុះ ទើបយើងដាក់គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច និងរំដេង ខ្ទឹមស ចូលមុន បន្ទាប់មកយើងបិទគំរបរំងាស់រយះពេល ៥ នាទីនឹងឈ្ងុយ រំងាស់បន្ថែមរយះពេល ៥ នាទីទៀតនឹងឈ្ងុយក្លឹនថ្នាំបុរាណពីដូនតាយើងគឺថ្នាំឆ្ពង់ ។ ក្រោយពេលរំងាស់ ១០ នាទីហើយ យើងត្រូវលើកចុះពីចង្រ្កានទុកអោយត្រជាក់សឹន ត្រៀមទុកប្រើការ

៥. ជាចុងក្រោយ យើងរៀបពងទាដាក់ចូលក្នុងក្រឡរួចចាក់ទឹកអំបិលដែលយើងរំងាស់ទុកខាងលើនោះចូលទាំងអស់រួចបន្ថែមដោយបន្ទះក្រូចឆ្មារ និងម្ទេសទុំ ពីលើ ត្រាំទុករយះពេល ពី ១៥ ទៅ ២០ ថ្ងៃ យើងនឹងអាចយកស៊ុតមកចំអិនជាអាហារដ៏ឈ្ងុយឆ្ងាញ់បានហើយ ។
