ផ្លែផាសិនជាប្រភេទក្រូចវល្លិ៍ម៉្យាងដែលសម្បូរវីតាមីនច្រើនប្រភេទដូចជា វីតាមីន A,C, B12 ជាតិដែក និងប៉ូតាស្យូម ដែលផ្តល់ប្រយោជន៍ច្រើនចំពោះសុខភាព។

១. ជំនួយដល់ប្រព័ន្ធភាពស៊ាំ៖ ផាសិន ១០០ ក្រាម មានផ្ទុកវីតាមីន C ៣០ មីលីក្រាម ដែលជាវីតាមីនជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ ប្រឆាំងនឹងជំងឺផ្សេងៗ សូម្បីតែជំងឺមហារីក។
២. បង្ការការគេងមិនលក់៖ ផឹកទឹកផាសិនមួយកែវក្នុងមួយថ្ងៃ ជួយសម្រួលដល់ប្រព័ន្ធប្រសាទឲ្យមានដំណើរការល្អ កាត់បន្ថយស្ត្រេស និងការគេងមិនលក់។
៣. ជំនួយភ្នែក៖ វីតាមីន A ដែលមាននៅក្នុងផាសិន ជួយឲ្យភ្នែកមើលច្បាស់។
៤. ជួយដល់ប្រព័ន្ធរំលាយអាហារ៖ វាមានផ្ទុកជាតិកាកសរសៃ ដែលជួយសម្រួលដល់ការរំលាយអាហារ ដោយយើងមិនចាំបាច់បារម្ភពីបញ្ហាទល់លាមក។
៥. សម្រកទម្ងន់៖ ផាសិនមានផ្ទុកកាឡូរីទាប ដែលល្អបំផុតសម្រាប់សម្រកទម្ងន់។
៦. ជួយឆ្អឹង៖ ជាតិដែក និងម៉ាញេស្យូមរបស់ផ្លែផាសិនធ្វើឲ្យឆ្អឹងរឹងមាំ។

របៀបធ្វើទឹកផាសិន៖
គ្រឿងផ្សំ៖
- ផាសិន ២ ផ្លែ
- ស្ករ ១ ស្លាបព្រាបាយ (មិនចង់ញ៉ាំផ្អែម មិនដាក់ក៏បាន)
- ទឹកក្តៅឧណ្ហៗ កន្លះកែវ
- ទឹកកក (បើចង់ញ៉ាំក្តៅ មិនដាក់ក៏បាន)

វិធីធ្វើ៖
១. កាត់ផាសិនជាពីរ រួចយកស្លាបព្រាដួសយកសាច់ និងគ្រាប់ដាក់ក្នុងកែវ (គួរតែញ៉ាំទាំងគ្រាប់ទើបល្អ) បន្ទាប់មកដាក់ស្ករចូល
២. ចាក់ទឹកក្តៅឧណ្ហៗចូល កូរឲ្យសព្វ ថែមទឹកកកចូល អាចញ៉ាំបានហើយ។
