សេវរូបមន្តធ្វើនេះទុកឲ្យហើយ ដល់ម៉ោងធ្វើម្ហូបចាំយកមកអនុវត្ត បើមិនចេះធ្វើ យកទៅឲ្យម៉ាក់មើលក៏បាន ក្រែងគាត់ស្រលាញ់កូន គាត់ធ្វើឲ្យញ៉ាំ។ តែអត់មានអីពិបាកទេ បើម៉ាក់ថារវល់ អត់បានធ្វើឲ្យញ៉ាំ ម៉េចមិនធ្វើឲ្យម៉ាក់ញ៉ាំវិញទៅ ស្រួលសឹងអីហ្នឹង៖

គ្រឿងផ្សំ៖
- សាច់ត្រីប្រម៉ា ១ ខាំ
- សាច់ជ្រូកជាប់ខ្លាញ់ ៤ ខាំ
- ពងទា ២ ឬ ៣ គ្រាប់
- ខ្ទឹមសបក ៣ ឬ ៥ កំពិស
- ស្លឹកខ្ទឹម កាត់កង់ៗខ្លីៗ
- ស្ករត្នោត ឬស្ករស
- ប៊ីចេង
- ម្សៅស៊ុបខ្នរ

បន្លែអន្លក់៖
- ត្រសក់
- ស្ពៃក្តៅ
- សណ្ដែកគួរ
- ត្រប់
- ពពាយ ឬ បន្លែផ្សេងៗតាមចំណូលចិត្ត
វិធីធ្វើ៖
១. ចិញ្ច្រាំសាច់ជ្រូកឲ្យម៉ដ្ឋល្អ បន្ទាប់មក យកត្រីប្រម៉ាវះយកតែសាច់ រួចចិញ្ច្រាំអោយម៉ដ្ឋដូចគ្នា

២. ចិញ្ច្រាំខ្ទឹមស ឲ្យល្អិត រួចយកសាច់ជ្រូក និងត្រីប្រម៉ាលាយគ្រឿងចូលគ្នា ដាក់ស្ករ ប៊ីចេង ម្សៅស៊ុបខ្នរ រោយស្លឹកខ្ទឹម រួច លាយនឹងពងទា លាយចូលគ្នាឲ្យសព្វគ្រប់គ្រឿងរួច យកទៅចំហុយជាការស្រេច ៕
