ប្លែកទៀតហើយ! បុកទឹកគ្រឿងត្រីខកំប៉ុង ទំនងឆ្ងាញ់ណាស់ សំខាន់អត់ពិបាករកត្រីមកធ្វើទេ ទិញតែត្រីខកំប៉ុងមកធ្វើបានញ៉ាំហើយ។ ចាំអង្កាល់ ងាយៗអ៊ីចឹងមានអីពិបាក តោះធ្វើញ៉ាំបាយទាំងអស់គ្នា៖

គ្រឿងផ្សំ៖
- ត្រីខ ២ កំប៉ុង
- ម្ទេស ១៥-២០ គ្រាប់ ឬតាមចំណូលចិត្ត
- ខ្ទឹមស ២០ កំពឹស
- ខ្ទឹមក្រហម ២០ មើម
- ប្រេងឆា ២ ស្លាបព្រាបាយ
- ទឹកត្រីខ ២ ស្លាបព្រាបាយ
- អំបិល បន្តិច
- ទឹកត្រី ១ ស្លាបព្រាបាយកន្លះ
- ទឹកក្រូចឆ្មារ ១ ស្លាបព្រាបាយកន្លះ
វិធីធ្វើ៖
១. យកខ្ទឹមស ខ្ទឹមក្រហម និងម្ទេសយកទៅដាក់រំលីងមួយសន្ទុះ រួចយកត្បាល់ដាក់បុកវាចូលគ្នាឲ្យសព្វ ហើយដួសត្រីខដាក់ចូល (យកតែសាច់ត្រី ទុកទឹកត្រីខមួយឡែក) បុកចូលគ្នាឲ្យសព្វល្អ
២. បន្ទាប់មកដាំខ្ទះដាក់ប្រេងចូលឲ្យក្តៅ ដាក់ត្រីខដែលបុកហើយចូលឆាច្របល់វាមួយសន្ទុះ ហើយដួសទឹកត្រីខ ២ស្លាបព្រាបាយដាក់ចូលឆាច្របល់ចូលគ្នា រួចហើយដាក់អំបិល ទឹកត្រី និងទឹកក្រូចឆ្មារចូលឆាច្របល់ចូលគ្នាឲ្យសព្វ រួចភ្លក់មើលល្មមអាចថែមថយរសជាតិតាមចំណូលចិត្ត

៣. បន្លែអន្លក់មានដូចជា ស្ពៃក្តោប ត្រសក់ សណ្តែកកួរ ត្រប់ ការ៉ុត…តាមចំណូលចិត្ត រៀបចំអន្លក់ដាក់ចាន ដួសបុកត្រីខដាក់ចាន ហូបផ្ទាប់ជាមួយគ្នាឆ្ងាញ់អស់ទាស់។ អាចដាក់បន្ថែមម្ទេស និងស្លឹកខ្ទឹមទៀតក៏បានតាមចំណូលចិត្ត៕