អ្នកណាខ្លះចូលចិត្តសាច់ជ្រូកអាំង មានជាតិទឹក រសជាតិហឹរៗ? ញ៉ាំសាច់ជ្រូកយំហើយសង្ស័យតែមនុស្សយំវិញម្តងទេ ព្រោះសាច់ជ្រូកមានរសជាតិហឹរ។ មើលទៅទំនងណាស់ តោះសាកធ្វើញ៉ាំ៖

គ្រឿងផ្សំ៖
- សាច់កជ្រូក ១ គីឡូ
- ម្រេច ខ្ចឹមស និងគល់ជីវ៉ាន់ស៊ុយបុកឲ្យម៉ដ្ឋចូលគ្នា ១ ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ
- ប្រេងខ្យង ២ ស្លាបព្រាបាយ
- ទឹកត្រី ២ ស្លាបព្រាបាយ
- ម្ទេសហ៊ុយ ២ ស្លាបព្រាបាយ
- អង្ករលីង ២ ស្លាបព្រាបាយ
- ជីវ៉ាន់ស៊ុយ
- និងបន្លែសាឡាដ ទុកដើម្បីលម្អ

វិធីធ្វើ៖
១. លាយគ្រឿងទាំងអស់ ចូលគ្នាឲ្យសព្វ
២. យកសាច់កជ្រូកមកប្រឡាក់គ្រឿងលាយហើយ រួចទុកចោលពី ៣០ ទៅ ៤០ នាទី
៣. ដាក់អាំងសាច់ម្តងមួយៗ ដោយដាក់ភ្លើងតិចៗ

បន្ទាប់មកបន្ថែមភ្លើងឲ្យក្តៅល្មមបន្តិច
៤. ដាក់អាំងប្រហែល ៧ ទៅ ១០ នាទី ឬរហូតដល់ឆ្អិន និងប្រែពណ៌ទៅជាពណ៌ត្នោតក្រម៉ៅ
៥. ពេលឆ្អិនហើយ ហាន់ជាជំនិតស្តើងៗ ដាក់ក្នុងចានជាមួយសាឡាដ រោយជីវ៉ាន់ស៊ុយពីលើបន្តិចជាការស្រេច។
